ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដនស) បានដឹកនាំ និងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាសំណង់មិនរៀបរយរបស់បងប្អូនក្នុងតំបន់ទំនប់រលក គោលដៅទីតាំងជាប់កំពុងផែបច្ចុប្បន្ន ដែលស្ថិតនៅក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
គម្រោងអភិវឌ្ឍន៍នេះ គឺដើម្បីបង្កើនសមត្ថភាពផែកុងតឺន័រ និង អនុញ្ញាតឱ្យនាវាដឹកកុងតឺន័រទំហំធំអាចចេញ-ចូលបានច្រើនជាងមុន ស្របតាមតម្រូវការដឹកជញ្ជូនរបស់កំពង់ផែយើង ដែលបានកើនឡើង។
ក្រុមការងារក្រសួង ដនស បានសិក្សា និងពិគ្រោះយោបល់ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាចុះពិនិត្យស្ថានភាពជីវភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ដើម្បីធ្វើការកំណត់អំពីផលប៉ះពាល់នានានៃការអនុវត្តគម្រោងនេះ និងបានឯកភាពផ្តល់ជាសំណងជូនប្រជាពលរដ្ឋដែលបានតាំងលំនៅឋាននៅតំបន់នោះ។
ការដោះស្រាយនេះនឹងឈរលើស្មារតីចរចា ស្រុះស្រួល និងយោគយល់គ្នា រវាងភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះ គោលការណ៍របស់ក្រសួង ដនស ក្នុងការដោះស្រាយបញ្ហាសំណង់មិនរៀបរយ គឺជាការរៀបចំក្រុងផង ជាការងារលំនៅឋានផង តាមរយៈការផ្តល់ឱកាសដល់ប្រជាពលរដ្ឋរបស់យើងដែលមិនមានលទ្ធភាពអាចរកលំនៅឋានថ្មី កសាងទ្រនំសុភមង្គលថ្មី និងរៀបចំសោភណភាពទីក្រុង ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើនរបស់ប្រជាជនយើង។