ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦
គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលមានប្រវែងសរុប ១ ៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ) សម្រេចការសាងសង់បាន ៦៨% ដែលលឿនជាងផែនការ៦%។
វឌ្ឍនភាពគម្រោងសម្រេចបានរួមមាន៖ ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០% ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៨៩% រចនាសម្ព័ន្ធលើស្ពានសម្រេចបាន២៨% ធ្នឹម T ចាក់ ១៨០ ដើម សម្រេចបាន ១៣២ ដើម ធ្នឹម T ចាក់នៅកន្លែង ១៨០ដើម សម្រេចបាន ១៥៦ដើម បណ្តាញ ផ្លូវសម្រេចបាន ៤៤.៤% តភ្ជាប់ សម្រេចបាន ៥០% ផ្លូវបង្វែរទិស(Ram) សម្រេចបាន ៤២%។ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៧ខាងមុខ។
នៅពេលសាងសង់រួច គម្រោងនេះនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា៖ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានសម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕