រោងចក្រចម្រាញ់រ៉ែមាសមួយទៀត បានលិចជារូបរាងឡើង នៅលើទឹកដីខេត្តកំពង់ធំ នៅតំបន់ស្នងអន ដែលស្ថិតក្នុងភូមិសាស្ត្រ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ ដែលអាចបង្កើតការងារដល់ប្រជាជនខ្មែរប្រមាណ៣៧៥នាក់។ ក្នុងពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការ រោងចក្រចម្រាញ់រ៉ែមាស នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអោយដឹងថា៖ ក្រុមហ៊ុនចិនមានឈ្មោះថា ខេមបូឌាន ខេ៨៨ អ៊ិនដាស់ស្ទ្រី ឯ.ក ចាប់ផ្តើមសិក្សាស្រាវជ្រាវរ៉ែ នៅតំបន់«ស្នងអន» តាំងពី ឆ្នាំ២០២០មក។ រហូតដល់ ឆ្នាំ២០២៣ ក្រុមហ៊ុនបានប្រកាសរកឃើញជម្រករ៉ែមាស ដែល មានលក្ខណៈសេដ្ឋកិច្ច និងឈានដល់ការរៀបចំសាងសង់ និងដំណើរការរោងចក្រចម្រាញ់រ៉ែ មាស ជាមួយទុនវិនិយោគ៤០លានដុល្លារអាម៉េរិក។
ក្រសួងរ៉ែ បានបញ្ជាក់ថា ៖«ការវិនិយោគរបស់ក្រុមហ៊ុនចម្រាញ់រ៉ែមាសនេះ គឺអាចបង្កើតការងារដោយផ្ទាល់សម្រាប់ពលរដ្ឋខ្មែរ ៣៧៥នាក់ បន្ថែមពីលើការបង់សួយសារ និងពន្ធអាករ នានាតាមច្បាប់ជាប្រយោជន៍របស់ជាតិ។
ដំណើរការប្រតិបត្តិការធនធានរ៉ែនៅការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ ត្រូវអនុវត្តគោលការណ៍សុខភាព សុវត្ថិភាព និងបរិស្ថាន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍មូលដ្ឋាន។ ក្រសួងរ៉ែ និងថាមពល បានចាត់ទុកសមិទ្ធផលនេះ ជាការនាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេស ដែលបង្កើតឱកាសការងារ និងពង្រីកខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ច-សង្គមផ្សេងៗទៀតជាច្រើនសម្រាប់កម្ពុជា។
បើតាមក្រសួងរ៉ែ និង ថាមពល គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ កម្ពុជាផលិតដុំមាសបានប្រមាណ១៨តោន ពី ការដ្ឋានរ៉ែក្នុងខេត្តចំនួន៦ មានព្រះវិហារ កំពង់ធំ មណ្ឌលគិរី រតនគិរី ក្រចេះ និងបាត់ដំបង។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ កាលពីថ្ងៃទីកុម្ភៈ ឆ្នាំ២០២៦។
តាមរបាយាការណ៍ពីក្រសួងរ៉ែ គិតត្រឹមដំណាច់ឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគក្នុងវិស័យរ៉ែប្រមាណ ២ ៨៩០លានដុល្លារ ដែលបានបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកប្រមាណ ១២ ១៣០នាក់។ ចំពោះ ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែក្នុងរយៈពេល១០ឆ្នាំមកនេះ (ពីឆ្នាំ២០១៥-២០២៥) ដែលកម្ពុជាទទួលបាន គឺកើនឡើងពី ១៣,១០លានដុល្លារ ក្នុងឆ្នាំ២០១៦ ដល់ ១៣៥,៥៥លានដុល្លារ ក្នុងឆ្នាំ២០២៥។