ភ្នំពេញ ៖ កម្ពុជាទទួលបានទុនវិនិយោគប្រមាណ 460 លានដុល្លារពីការវិនិយោគឯកជនក្នុងត្រីមាសទី3 ឆ្នាំ2022 ស្របពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងងើបឡើង ដែលជាកត្តាទាក់ទាញវិនិយោគិនពីវិស័យឯកជនទាំងក្នុងស្រុក និងក្រៅប្រទេសមកបណ្តាក់ទុននៅកម្ពុជា។
នៅត្រីមាសទី3 ឆ្នាំ2022 គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបចំនួន 52 គម្រោង បានកើនឡើង 5 គម្រោង ស្មើនឹង 10,6% និងទុនវិនិយោគសរុបចំនួន 460,8 លានដុល្លារអាមេរិក បានកើនឡើង 18,4% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2021។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ2022 របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបចេញផ្សាយកាលពីថ្មីៗនេះ។
ជាការសង្កេត ការកើនឡើងនេះ គឺដោយសារកំណើនគម្រោងវិនិយោគផលិតបន្ទះសូឡា ការសាងសង់មន្ទីពេទ្យ ការដំឡើងរថយន្ត គម្រោងអភិវឌ្ឍន៍តាមកោះ និងការពង្រីកគម្រោងមួយចំនួនទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ក្នុងត្រីមាសទី3 ឆ្នាំ2022នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងងើបឡើង តាមរយៈការកើនឡើងនៃភ្ញៀវទេចរអន្តរជាតិ គម្រោងសាងសង់ គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម-សេវាកម្ម និងការបន្តកើនឡើងនូវផលិតផលក្នុងស្រុក ស្របពេលដែលការនាំចេញបន្តមានកំណើនល្អ លើផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ ដូចជា កង់ ខែ្សភ្លើង និងបង្គុំខែ្សភ្លើង គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត។
ថ្នាក់ដឹកនាំរដ្ឋាភិបាលបានលើកឡើងថា វិស័យឯកជនគឺក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដោយសារការរីកចម្រើននៃវិស័យឯកជនបានជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស ហើយពេលដែលវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធជូនរដ្ឋក៏កាន់តែច្រើនផងដែរ។
ទន្ទឹមនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងរក្សាបានកំណើន 5,4% ឆ្នាំ2022 នេះ បើទោះបីជាងរងការប៉ះទង្គិច ដោយប្រយោលពីការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។
ការរក្សាបានកំណើននេះគឺដោយសារតែទីផ្សារធំៗ របស់កម្ពុជានៅតែមានតម្រូវ ព្រមទាំងសកម្មភាពធុរកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មក្នុងស្រុកមានភាពល្អប្រសើរ៕