ភ្នំពេញ ៖ បើទោះបីជាវិនិយោគិនបរទេសមិនទាន់ត្រឡប់មកកម្ពុជា ដូចមុនវិបត្តិជំងឺកូវីដ19 ក៏ដោយ ក៏កម្ពុជានៅតែបន្តទទួលកំណើននៃចំនួនគម្រោងសាងសង់ ជាក់ស្តែងក្នុងត្រីមាសទី 3 ឆ្នាំ2022 នេះ ការអនុម័តលើសំណើគម្រោងសាងសង់ បានកើនឡើងជាង 14% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា នៅត្រីមាសទី3 ឆ្នាំ2022 ការអនុម័តលើសំណើគម្រោងសាងសង់ សរុបមានចំនួន 1175 គម្រោង (គិតជាទំហំទឹកប្រាក់ប្រមាណ 752 លានដុល្លារ) បានកើនឡើង 147 គម្រោងស្មើនឹង 14,3% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះ ការកើនឡើងនៃគម្រោងប្រភេទសំណង់លំនៅដ្ឋាន-ភូមិគ្រឹះ សំណង់ឧស្សាហកម្ម សំណង់សាធារណៈ (ថវិកាពីវិស័យឯកជន) និងសំណង់ផ្សេងៗ លើកលែងតែប្រភេទសំណង់ពាណីជ្ជកម្ម និងទេសចរណ៍។
ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ទន្ទឹមនេះ វិស័យសំណង់ រំពឹងថានឹងងើបឡើងវិញ ក្នុងអត្រា 3% ក្នុងឆ្នាំ2022 នេះ ដោយសារកំណើនការផ្តល់ឥណទានលើវិស័យសំណង់ បានបន្តកើនឡើង។
លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងថា ប្រទេសដែលនាំមុខគេក្នុងការវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា រួមមានប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងប្រទេសថៃ។
លោកបានថ្លែងថា៖ «វិស័យសំណង់ គឺជាផ្នែកមួយដែលមានសារៈសំខាន់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបំពេញនូវគោលបំណងជាមូលដ្ឋាន និងបង្កើតនូវឱកាសការងារជាច្រើន ព្រមទាំងបង្កើនប្រាក់ចំណូលខ្ពស់ដល់សង្គម និងបានចូលរួមដ៏សកម្មក្នុងកំណើននៃសេដ្ឋកិច្ចជាតិ ពិសេសពាក់ព័ន្ធទៅនឹងការវិនិយោគលើវិស័យនេះដោយផ្ទាល់»។
លោក លី រស្មី បានបន្តឱ្យដឹងទៀតថា ក្រៅពីចិន និងជប៉ុន ដែលបានចូលរួមវិនិយោគច្រើនក្នុងវិស័យសំណង់នៅកម្ពុជា វិនិយោគិននៅតំបន់អឺរ៉ុប ក៏មានការវិនិយោគច្រើនគួរឱ្យកត់សម្គាល់ដែរ។
លោកបានបន្ថែមថា ទុនវិនិយោគដែលហូរចូលមកប្រទេសកម្ពុជា តាមរយៈវិស័យសំណង់បានចូលរួមចំណែកយ៉ាងច្រើនក្នុងការពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិ ព្រោះអ្នកវិនិយោគទាំងនេះបាននាំយកទុនពីបរទេសមកចាក់ចូលនៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា៕