ភ្នំពេញ ៖ ក្រុមហ៊ុន KFA Group ដែលជាក្រុមហ៊ុនអភិវឌ្ឍសាងសង់សំណង់ និងបុរីលំនៅដ្ឋាន ជាពិសេសមានជំនាញច្បាស់ផ្នែកវាយតម្លៃអចលនវត្ថុឈានមុខគេនៅកម្ពុជាបានបើកកិច្ចប្រជុំប្រចាំឆ្នាំស្ដីពីការបូកសរុបលទ្ធផលដែលសម្រេចបានប្រចាំឆ្នាំ២០២២ និងលើកទិសដៅសម្រាប់អនុវត្តបន្តនៅក្នុងឆ្នាំ២០២៣ ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាជំរុញឱ្យក្រុមហ៊ុនមានភាពរីកចម្រើនជាលំដាប់។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំដែលមានសមាសភាពបុគ្គលិកមកពីបណ្តាសាខាខេត្តក្រុងទូទាំងប្រទេស លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានមានប្រសាសន៍កោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង ក៏ដូចជាបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញការងារស្របតាមផែនការ និងគោលដៅដែលបានកំណត់ ជាពិសេសទទួលបានភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយបណ្តាធនាគារជាច្រើនក្នុងនាមជាក្រុមហ៊ុនជំនាញផ្នែកប្រឹក្សា និងវាយតម្លៃយ៉ាងត្រឹមត្រូវ សុក្រិតភាព ស្របតាមតម្លៃទីផ្សារ។
លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា ៖ «ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន KFA Group តែងបន្តដំណើរអភិវឌ្ឍ និងរីកចម្រើនទៅមុខជាបន្តបន្ទាប់ ដោយក្នុងនោះរីកចម្រើនទាំងកំណើននៃចំនួនបុគ្គលិក កើនទាំងចំនួនសាខាតាមបណ្តាខេត្តក្រុង កើនទាំងចំនួនក្រុមហ៊ុនជាដៃគូ ជាពិសេសបណ្តាធនាគារជាដៃគូមានរហូតដល់ជាង ២០ Brand នៅក្នុងដៃ»។
លោកឧកញ៉ាបានបន្តថា ៖ «សមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ថដឹកនាំ ដែលដើរតាមផែនការគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដែលបានដាក់ចេញក្រោមពាក្យស្លោក (រីករាយទទួលយកភាពជោគជ័យ និងផលចំណេញទាំងអស់គ្នា) មានន័យថា ក្រុមហ៊ុនយើងទទួលបានផលចំណេញ ក្រុមហ៊ុនដៃគូ ឬធនាគារជាដៃគូទទួលបានផលចំណេញ អតិថិជនដែលប្រើសេវារបស់យើងក៏ទទួលបានផលចំណេញ ដោយឡែកបុគ្គលិករបស់យើងក៏ទទួលបានភាពរីកចម្រើនទាំងធនធាន ទាំងចំណេះដឹង និងថវិកាគួរជាទីមោទន»។
ជាមួយនឹងការទទួលបានលទ្ធផលផ្លែផ្កាដ៏ប្រសើរត្រឹមរយៈពេល១០ខែ ឆ្នាំ២០២២កន្លងទៅនេះ លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានសង្កត់ធ្ងន់ថា ដើម្បីបង្កើនភាពរីកចម្រើន និងអភិវឌ្ឍន៍ក្រុមហ៊ុនឱ្យកាន់តែឆាប់រហ័ស និងឈានមុខគេនៅកម្ពុជា ក្រុមហ៊ុននឹងបន្តធ្វើការវិនិយោគបន្ថែមទៀតទៅលើផ្នែកធនធានមនុស្សតាមរយៈការផ្តល់ឱកាសបណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើប្រកបដោយវិជ្ជាជីវៈដើម្បីពង្រឹងគុណភាព ការវិនិយោគទៅលើប្រព័ន្ធបច្ចេកវិទ្យាស្របតាមសម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលធ្វើយ៉ាងណាផ្តល់នូវទំនុកចិត្តដល់បណ្តាក្រុមហ៊ុនសហការជាដៃគូ ជាពិសេសបណ្តាធនាគារ និងអតិថិជនដែលប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលដែលសម្រេចបានប្រចាំឆ្នាំ គិតត្រឹមរយៈពេល១០ខែកន្លងទៅនេះ ក្រៅពីទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ សម្រាប់បណ្តាសាខាដែលទទួលបានលទ្ធផលល្អខ្ពស់ជាងគេត្រូវបានទៅលើសាខាខេត្តបាត់ដំបង៕