ភ្នំពេញ ៖ គិតត្រឹមថ្ងៃចុងសប្ដាហ៍ ទី5 ខែមីនា កន្លងទៅនេះការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន 62% ខណៈតាមផែនការ គំរោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ2023នេះ ។ នេះបើតាមមន្ទីរសាធាណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។
មន្ទីរសាធាណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់ថា ស្ពាននេះ ជាការភ្ជាប់ចរាចរណ៍កណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ 1 ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង2 ។
គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី 26 ខែតុលា ឆ្នាំ2020 ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរាហ៍ មានប្រវែងសរុប 824 ម ទទឹង 24.5ម បណ្តោយស្ពានបេតុងអារមេ ប្រវែង 483ម ។ ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង 249ម ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង 92ម។ស្ពាននេះចំណាយថវិកាចំនួន 38 លានដុល្លារអាមេរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ35ខែ។
គម្រោងស្ពាននេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍កោះនរាហ៍ឱ្យទៅជាទីក្រុងរណបថ្មីមួយរបស់ក្រុមហ៊ុន OCIC ដែលបាន និងកំពុងអភិវឌ្ឍកោះនរានៅលើទំហំដីប្រមាណ125ហិកតា ដោយតំបន់នេះនឹងអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណៈ តំបន់សំណង់លំនៅឋាន ធនាគារ សកលវិទ្យាល័យ និងមន្ទីរពហុព្យាបាលជាដើម ។
បើតាម OCIC ការអភិវឌ្ឍគម្រោងកោះនរាហ៍នេះ ក្នុងគោលបំណងដើម្បីលើកស្ទួយសក្តានុពលលើវិស័យសេដ្ឋកិច្ច ទាក់ទាញវិយោគិន បង្កើតការងារសម្រាប់ប្រជាជន បង្កើនសោភ័ណភាពទីក្រុង ជួយការពារការបាក់ច្រាំងតាមបណ្តោយទន្លេបាសាក់ និងទន្លេមេគង្គ ជាដើម៕