កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ – ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយក្រុមហ៊ុន UnionPay International (UPI) ដែលជាបណ្តាញទូទាត់ឈានមុខគេមួយនៅលើពិភពលោក។ ភាពជាដៃគូនេះមានគោលបំណងពង្រីកសេវា ផ្ទេរប្រាក់អន្តរជាតិឲ្យបានកាន់តែទូលំទូលាយទៅដល់អ្នកប្រើប្រាស់ ហើយក៏ជាការបើកផ្លូវដល់ភាគីទាំងពីរដើម្បីពង្រីកកិច្ចសហការបន្ថែមទៀតលើការទូទាត់តាមប្រព័ន្ធឌីជីថលនាពេលខាងមុខ។
កិច្ចសហការដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំធ្វើឡើងដោយការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដោយមានការចូលរួមជាអធិបតីភាពក្នុងកម្មវិធីពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក Huiming Cai អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន UnionPay International ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ពិធីចុះអនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង និងកញ្ញា លាង ចិន្តា នាយិកាប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន UnionPay International។ ហើយកិច្ចសហការនាពេលនេះគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការធ្វើទំនើបកម្មក្នុងវិស័យធនាគារនៅកម្ពុជា ដើម្បីផ្តល់បទពិសោធន៍ទៅដល់អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរ។ តាមរយៈកិច្ចសហការនេះ ធនាគារ វីង នឹងក្លាយជាផ្នែកមួយនៃការរួមបញ្ចូលជំនាញ និងវិសាលភាពដ៏ទូលំទូលាយរបស់ UPI ក្នុងការផ្តល់ជាជម្រើសនូវការផ្ទេរប្រាក់តាមរយៈកម្មវិធី Wing Bank App ទៅដល់អតិថិជនប្រកបដោយភាពលឿនរហ័ស ងាយស្រួល សុវត្ថិភាព ហើយតម្លៃសេវាមានភាពប្រកួតប្រជែងខ្ពស់។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ «ធនាគារ វីង មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន UPI ដើម្បីផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ដោយរំពឹងថាសេវាកម្មនេះនឹងជួយពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ ហើយក៏ជាការបើកផ្លូវសិក្សាលើកិច្ចសហការបន្ថែមទៀតលើការទូទាត់តាមប្រព័ន្ធឌីជីថលនាពេលខាងមុខ”។
លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ភាពជាដៃគូជាមួយ UPI នឹងជួយសម្រួលដល់ធនាគារ វីង ដើម្បីផ្តល់នូវដំណោះស្រាយផ្ទេរប្រាក់ប្រកបដោយភាពរលូន និងងាយស្រួលទៅដល់ពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាជនចិន ដែលរស់នៅក្នុងប្រទេសកម្ពុជា់។ តាមរយៈការពង្រីកសេវាផ្ទេរប្រាក់ក្រៅប្រទេសដូចជាប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតតាមរយៈបណ្តាញទូទាត់សកលរបស់ក្រុមហ៊ុន UnionPay International ធនាគារ វីង បង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការជួយសម្រួលទៅដល់អតិថិជនជារូបវន្តបុគ្គល និងអាជីវកម្ម ដែលមានតម្រូវការហិរញវត្ថុចាំបាច់»។
ធនាគារ វីង ផ្តោតលើការផ្តល់ដំណោះស្រាយតាមប្រព័ន្ធឌីជីថល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដោយមានគោលបំណងក្លាយជាធនាគារដែលអាចផ្តល់សេវាកម្មដល់ប្រជាជនកម្ពុជាគ្រប់រូប។ ជាមួយនឹងយុទ្ធសាស្ត្រអាជីវកម្មដែលមានលក្ខណៈពិសេស ដោយមានភ្នាក់ងារធ្វើប្រតិបត្តិការតាមឌីជីថល បានធ្វើឲ្យធនាគារ វីង ផ្តល់សេវាគ្របដណ្តប់ ១០០ ភាគរយនៅគ្រប់ស្រុកទាំងអស់ក្នុងប្រទេសកម្ពុជា។ កត្តានេះហើយបានធ្វើឲ្យធនាគារ វីង អាចជំរុញបរិយាប័ន្នផ្នែកហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថល។ ធនាគារ វីង ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលដល់ប្រជាជនគ្រប់រូប ហើយធនាគារបានប្តេជ្ញាលើការជំរុញអត្ថប្រយោជន៍នៃប្រតិបត្តិការតាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់កម្រិតជីវភាព នៃការរស់នៅរបស់ប្រជាជនកម្ពុជា។
ក្រុមហ៊ុន UnionPay International គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China UnionPay ដែលផ្តោតលើការជំរុញកំណើន និងការគាំទ្រដំណើរការអាជីវកម្ម UnionPay ដែលមានវត្តមាននៅទូទាំងពិភពលោក។ ឆ្លងកាត់តាមរយៈការសហការជាមួយនឹងដៃគូជាសមាជិកជាង១៥០០ស្ថាប័ននៅទូទាំងសកលលោក សព្វថ្ងៃនេះ UnionPay បានគ្របដណ្តប់សេវាកម្មរបស់ខ្លួនដល់ប្រទេស និងតំបន់ចំនួន ១៨១ និងធនាគារថ្នាក់ជាតិ និងតំបន់ចំនួន៧៩ មានចេញកាត UnionPay ។ ក្រុមហ៊ុន UnionPay International ផ្តល់ជូន អតិថិជនប្រើប្រាស់កាតធំជាងគេបំផុតក្នុងពិភពលោកនូវសេវាកម្មទូទាត់ប្រាក់ឆ្លងដែន ដើម្បីធានាបាននូវគុណភាពខ្ពស់ ប្រសិទ្ធភាពខ្ពស និងសុវត្ថិភាពខ្ពស់។ ការផ្តល់ជូននេះបានធានាដល់ភាពងាយស្រួលដល់សេវាកម្មក្នុងប្រទេស ដើម្បីធ្វើឲ្យមានកំណើនអ្នកប្រើប្រាស់ UnionPay និងដៃគូទូទាត់ជាសកល។
ធនាគារ វីង និងក្រុមហ៊ុន UnionPay International មានការរំពឹងយ៉ាមុតមាំចំពោះការពង្រីកវិសាលភាពនៃកិច្ចសហការលើការទូទាត់តាមប្រព័ន្ធឌីជីថលនាពេលខាងមុខ។ តាមរយៈការសម្រេចបាននូវកិច្ចសហការនាពេលនេះ ស្ថាប័នពីរនឹងសិក្សាពីកាលានុវត្តភាព ដោយផ្តល់នូវដំណោះស្រាយការទូទាត់ប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា៕