សៀមរាប ៖ រាជរដ្ឋាភិបាលដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បាន និងកំពុងបន្តផ្តោតយកចិត្តទុកដាក់ខ្ពស់ទៅលើការរៀបចំដែនដីនៅទូទាំងប្រទេស ដោយធ្វើការសិក្សា និងកំណត់អាទិភាពនៃការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប សម្រាប់តំបន់អភិរក្សធនធានធម្មជាតិ តំបន់បេតិកភណ្ឌ តំបន់ឧស្សាហកម្ម និងកសិកម្ម ជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអញ្ជើញជាអធិបតីនាពិធីបើកកិច្ចពិគ្រោះយោបល់ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នៅក្រុងសៀមរាបកាលពីពេលថ្មីៗនេះបានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តជំរុញការចុះបញ្ជីដីធ្លីក្នុងខេត្តសៀមរាប ការងាររៀបចំផែនការប្រើប្រាស់ដី និងបទប្បញ្ញត្តិពិសេសអំពីការប្រើប្រាស់ដីធ្លីក្នុងតំបន់ឧទ្យានអង្គរ ដើម្បីជាមូលដ្ឋានសម្រាប់គ្រប់គ្រងដែនដីឱ្យមានប្រសិទ្ធភាព និងកំណត់បទដ្ឋាននគរូបនីយកម្មសមស្រប ក្នុងគោលដៅរក្សាឱ្យបាននូវឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រទេស និងប្រជាជនកម្ពុជា ព្រមទាំងតុល្យភាពរវាងការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយត្រូវបន្សំឱ្យមានភាពប្រទាក់ក្រឡាគ្នាជាមួយការរៀបចំរបៀងសេដ្ឋកិច្ចទិសឧត្តរ និងរបៀងសេដ្ឋកិច្ចនៃតំបន់ប៉ូលសេដ្ឋកិច្ចទាំង៨ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ជាក់ស្ដែង ក្នុងគោលបំណងថែរក្សា ការពារ អភិរក្សតំបន់រមណីយដ្ឋានបេតិកណ្ឌពិភពលោកអង្គរ ជាពិសេស គិតគូរយ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយទៅលើការគ្រប់គ្រងប្រជាសាស្ត្រនោះ កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលបានរៀបចំតំបន់អភិវឌ្ឍន៍ថ្មីតាំងពីឆ្នាំ២០០៤ ដែលបច្ចុប្បន្ននេះត្រូវបានប្រែក្លាយទៅជាក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង សម្រាប់ការទទួលយកប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅថ្មីក្រៅតំបន់ឧទ្យានអង្គរ។ ការណ៍នេះ បង្ហាញយ៉ាងច្បាស់អំពីការគិតគូរច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល សម្រាប់តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ៖ បន្ថែមពីលើការរៀបចំក្បាលដីសម្រាប់តាំងលំនៅដ្ឋាន រាជរដ្ឋាភិបាល ក៏បានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ផ្លូវ ស្ពាន លូ បណ្តាញអគ្គិសនី ប្រព័ន្ធទឹកស្អាត សាលារៀន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងកម្មវិធីជំនួយសង្គមផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីទាំងពីរ ព្រមទាំងកំពុងទាក់ទាញការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ការបង្កើតការងារបន្ថែមនៅក្នុងខេត្តសៀមរាបផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ៖
«រាល់កិច្ចការងារទាំងអស់ដែលបានរៀបចំឡើង គឺដើម្បីធានាបាននូវការបំពេញកាតព្វកិច្ច និងករណីកិច្ចថែរក្សា ការពារ និងអភិរក្ស រមណីយដ្ឋានអង្គរ ដែលជាមរតកដ៏មានតម្លៃពីដូនតាខ្មែរតាំងពីប្រមាណ១ពាន់ឆ្នាំឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយៗរបស់យើងទៀត ព្រមទាំងរក្សាបាននូវប្រភពចំណូលសេដ្ឋកិច្ចមិនចេះរីងស្ងួត តាមរយៈខុស្សាហកម្មទេសចរណ៍ ដែលបានចិញ្ចឹមអ្នកស្រុកអង្គរ និងប្រជាពលរដ្ឋកម្ពុជា ជាហូរហែរ សមដូចនឹងពាក្យក្រើនរំលឹកដ៏មានតម្លៃរបស់ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ អប្សរា ថា អង្គរ ជាមេមាន់ពងមាស នោះឯង»។
គួររំលឹកដែរថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅ បានធ្លាប់បានលើកឡើង និងជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអភិវឌ្ឍន៍តំបន់ក្រុងរុនតាឯក ទាក់ទាញការវិនិយោគពីក្នុងក្រៅប្រទេសចូលទៅកាន់តំបន់នោះ បង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់ទទួលបានការងារធ្វើ និងមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ។
សម្ដេចធិបតីបានមានប្រសាសន៍ផងដែរថា ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ក៏ជាសក្ដានុពលថ្មីមួយក្នុងផ្សព្វផ្សាយ និងទាក់ទាញវិនិយោគបង្កើតតំបន់សេដ្ឋកិច្ច រោងចក្រសហគ្រាស ជុំវិញតំបន់ ដែលនឹងធ្វើឱ្យពលរដ្ឋក្នុងតំបន់រុនតាឯក មានការងារធ្វើ ទទួលបានប្រាក់ចំណូល ជាពិសេសនោះនឹងជំរុញឱ្យពលរដ្ឋចូលមករស់នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះបន្ថែមទៀតកាន់តែច្រើន។
បន្ថែមពីនេះ សម្ដេចធិបតីក៏បានជំរុញឱ្យរៀបចំតំបន់រុនតាឯក និងពាក់ស្នែងឱ្យក្លាយជាបុរីជនបទគំរូនៅក្នុងប្រទេសកម្ពុជា និងជំរុញឱ្យរៀបចំតំបន់ផ្សេងៗទៀតតាមបណ្ដាខេត្តរៀបចំទៅជាតំបន់បុរីជនបទ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានភាពប្រសើរឡើង ៕