បាងកក ៖ ត្រឹមរយៈពេល១៦ឆ្នាំប៉ុណ្ណោះ ថៃ មានការដកតំណែងនាយករដ្ឋមន្ត្រីដល់ទៅ ៣ ដង ហើយចុងក្រោយនេះ គឺជាលោកនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ន គឺលោក Srettha Thavisin ។

នៅថ្ងៃពុធ ទី១៤ ខែសីហា នេះ តុលាការកំពូលនៃប្រទេសថៃបានសម្រេចដកតំណែងរបស់លោក Srettha ហើយបន្ទាប់ពីបានរកឃើញថា នាយករដ្ឋមន្ត្រីរូបនេះពិតជាមានកំហុសក្នុងប្រព្រឹត្តសកម្មភាពល្មើសច្បាប់ក្រមសិលធម៍នៃប្រទេសថៃ តាមរយៈការតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលរបស់ខ្លួនម្នាក់កាលពីពេលកន្លងទៅជាមួយនឹងបុគ្គលដែលធ្លាប់មានប្រវត្តិជាប់ទោសទណ្ឌ និងធ្លាប់ជាប់គុកទៀតផងនោះ។


លោក Srettha វ័យ៦៧ ឆ្នាំ ដែលទើបឡើងកាន់តំណែងមិនដល់មួយឆ្នាំផង (គិតចាប់តាំងតែពីខែសីហាឆ្នាំ២០២៣) នឹងត្រូវជំនួសតំណែងដោយមេដឹកនាំបណ្តោះអាសន្នមួយរូបរហូតដល់សភាថៃ រៀបចំការបោះឆ្នោតក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ លោក Srettha បានថ្លែងបែបនេះថា ៖ «ខ្ញុំជឿជាក់ទៅលើភាពស្មោះត្រង់របស់ខ្ញុំ….ខ្ញុំមានអារម្មណ៍សោកស្តាយពិតមែន ប៉ុន្តែខ្ញុំមិនបដិសេធចំពោះការសម្រេចរបស់តុលាការកំពូលនេះឡើយ»៕