ភ្នំពេញ ៖ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដោយក្នុងនោះ «សេវាគាប់ចិត្ត» គឺជាទិសដៅសំខាន់មួយរបស់ក្រសួង។ សេវាគាប់ចិត្ត គឺផ្ដោតជាពិសេសទៅលើការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្ដល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួល។ សេវាគាប់ចិត្ត ក៏ជាផ្នែកមួយក្នុងការជំរុញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថល ក៏ដូចជាពលរដ្ឋឌីជីថលផងដែរ។
ថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តដើម្បីពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន កាលពីពេលកន្លងទៅថ្មីៗនេះ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួងកំពុងតែរៀបចំសេវាទាំងអស់ទៅជាសេវាអនឡាញ ហើយនៅក្នុងការរៀបចំនេះផងដែរ សេវាដែលបានដាក់ចូលជាប្រពន្ធអនឡាញនេះគឺដាក់បានច្រើនគួរសមរួចមកហើយ។
លោកជំទាវបានបន្តមានប្រសាសន៍ផងដែរថា៖
«យើងក៏កំពុងធ្វើការផ្ទាល់ដែរ ជាមួយធនាគារមួយចំនួនដែលបានដាក់ស្នើសុំមក មានខាងស៊ីប៊ីស៊ី ធនាគារវីង អេប៊ីអេ ដោយពួកគាត់ស្នើសុំភ្ជាប់ជាអន្តរប្រព័ន្ធមួយ ដែលអាចភ្ជាប់ជាមួយប្រព័ន្ធរបស់គាត់ ហើយអាចស្នើសុំសេវារបស់យើងនៅតាមប្រព័ន្ធរបស់គាត់ ហើយក៏កំពុងតែរៀបចំសេវាដែលយើងមាននៅលើកម្មវិធីទូរស័ព្ទដៃរបស់ធនាគារទាំងអស់»។
ទាក់ទងនឹងការងារនេះ លោក កាំង តុងងី ដែលជាអ្នកនាំពាក្យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នក្រុមបច្ចេកទេសរបស់សមាគមទាំង ២ រួមមាន សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងតែធ្វើការជាមួយក្រុមបច្ចេកទេសរបស់ក្រសួងរៀបចំដែនដី។
លោកបានបន្តមានប្រសាសន៍ទៀតថា៖
«យើងគិតថា កិច្ចការងារនេះនឹងបញ្ចប់បានក្នុងពេលឆាប់ៗខាងមុខ ហើយក៏កំពុងតែពិនិត្យមើលបន្ថែមទៀតដែរថា មានសេវាណាផ្សេងទៀតដែលយើងអាចជំរុញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការប្រើប្រាស់សេវាផ្ទាល់ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុតែម្ដង»។
ក្នុងនាមជាអ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុមួយរូបដែរ លោកយល់ថាកិច្ចសហប្រតិបត្តិរវាងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយនឹងក្រសួង គឺមានសារៈសំខាន់ណាស់ ទាំងម្រាប់រាជរដ្ឋភិបាល ក៏ដូចជាវិស័យហិរញ្ញវត្ថុខ្លួនឯងផងដែរ។ មានសារៈសំខាន់ព្រោះថា តាមរយៈប្រព័ន្ធថ្មីដែលប្រើបច្ចេកវិទ្យាក្នុងការទូទាត់ប្រាក់នេះ នឹងធ្វើឱ្យការផ្ដល់សេវាកាន់តែមានប្រសិទ្ធភាពខ្ពស់ កាន់តែមានតម្លាភាព ហើយនឹងភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងអ្នកពាក់ព័ន្ធ។
យ៉ាងណាមិញ កន្លងមកក៏មានសេវារបស់រដ្ឋាភិបាលផ្សេងទៀត ដែលបានសហការជាមួយប្រព័ន្ធហិរញ្ញវត្ថុផងដែរ។ ជាក់ស្ដែងដូចជា សេវាឆៀករថយន្ត សេវាបង់ថ្លៃទឹកភ្លើង និងសំរាមជាដើម។ ទន្ទឹមនឹងនេះ លោកក៏សង្កេតឃើញពីនិន្នាការរបស់ក្រសួងមួយចំនួន ក្នុងការពង្រឹងតម្លាភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវា តាមរយៈការចាប់ផ្ដើមសិក្សាទៅលើការប្រើប្រាស់សេវារបស់គ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
យោងតាមឯកសារគោលនយោបាយសេវាគាប់ចិត្តរបស់ក្រសួងរៀបចំដែនដីបានបង្ហាញថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន ក្រសួងបានកសាងសេវាអនឡាញ និងបានដាក់ឱ្យដំណើរការជាបណ្ដើរៗនូវសេវាឆែកព័ត៌មានសុរិយោដីតាមប្រព័ន្ធ QR Code សេវាផ្ដល់វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ ៩មុខ សេវាផ្ដល់វិញ្ញាបនបត្រសម្រាប់រូបវន្ដបុគ្គលសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម និងវិញ្ញាបនបត្រសម្រាប់រូបវន្ដបុគ្គលសិក្សាគ្រោងផ្គុំសំណង់៩មុខ និងសេវាសុរិយោដី៤មុខ (ការលក់ផ្ដាច់ អំណយផ្ដាច់ ហ៊ីប៉ូតែក និងការដាក់បញ្ចាំ)៕