ព្រះសីហនុ ៖ ជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសចាប់តាំងពីដើមឆ្នាំ២០២៤ គេតែងសង្កេតឃើញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសអញ្ជើញអតិថិជនដែលបានទិញលំនៅឋានរបស់គម្រោងអភិវឌ្ឍន៍ដែលមានបញ្ហាមកចូលរួមដោះស្រាយនៅក្នុងក្រសួង ហើយជាលទ្ធផល គម្រោងជាច្រើនត្រូវបានដោះស្រាយចប់សព្វគ្រប់ជាស្ថាពរ ហើយក្រសួងក៏បាន និងកំពុងបន្តដោះស្រាយបញ្ហាជាបន្តបន្ទាប់ចំពោះគម្រោងដែលមានបញ្ហាជាមួយអតិថិជន ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពីធីប្រគល់បណ្ណវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតិថិជនបុរី វីធាយភី ខេត្តព្រះសីហនុ ដោយឯកឧត្តម បានលើកឡើងថា ៖ « ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យ»។
មានប្រសាសន៍នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានចូលរួមដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងក៏នៅតែបន្តជួយសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់រហូតបញ្ចប់ការងារទាំងស្រុង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋយើងសហការជាមួយអជ្ញាធរមូលដ្ឋាន រៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ដើម្បីប្រែក្លាយទីកន្លែងរស់នៅឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។
ក្រៅពីនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានថ្លែងកោតសរសើរចំពោះក្រុមការងារដោះស្រាយវិវាទរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានព្យាយាមដោះស្រាយបញ្ចប់បញ្ហាជាបន្តបន្ទាប់ ដូចជា បញ្ហារវាងអតិថិជន និងបុរីពិភពថ្មី, បញ្ហារវាងអតិថិជន និងគម្រោងរបស់បុរីខេភី ម៉នដានី រួមជាមួយនឹងបញ្ហារវាងអតិថិជន និងគម្រោងរបស់បុរី VIP ជាដើម ។
គួរបញ្ជាក់ថា ក្រៅពីការដោះស្រាយបញ្ហាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលបានបន្សល់ក្នុងអំឡុងវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានដោះស្រាយនូវបញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃ ដែលបានកើតឡើងតាំងពីយូរយាណាស់មកហើយ និងបានដោះស្រាយរួចរាល់រាប់ពាន់ករណីមកហើយ និងបន្តដោះស្រាយបន្ថែមទៀត ដើម្បីបញ្ចប់នៅពេលឆាប់ៗ ។ ទន្ទឹមនឹងនេះក្រសួងក៏នឹងពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីទូទាំងប្រទេសឱ្យបានចប់សព្វគ្រប់ទាំងជាង ៧លានក្បាលដីនៅមុនឆ្នាំ២០៣០ខាងមុខនេះផងដែរ ៕