កំពត ៖ ជាការកត់សម្គាល់ នៅរៀងរាល់​ថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យ​​​ផ្សេងៗ ស្ពាន​ថ្មីឆ្លង​ព្រែកកំពត​​​ តែងតែមានការកកស្ទះដោយសារ​តែ​កំណើន​ភ្ញៀវទេសចរ​ទៅលេង​ច្រើន ដូច្នេះហើយរដ្ឋបាលខេត្តកំពត មានគម្រោង​​សាងសង់​ស្ពាន​ថ្មីមួយខ្សែទៀត ឆ្លងព្រែក​កំពត ​ឬព្រែក​កំពង់​បាយ ដើម្បី​សម្រួល​ដល់ការ​ធ្វើដំណើររបស់​ភ្ញៀវទេសចរ​ទៅលេង​ខេត្ត​ដែលមានសក្ដានុពលមួយនេះ ​ក៏ដូចជា តាមបណ្តារមណីយ​ដ្ឋាន​នានាក្នុងខេត្ត ដូចជា ​ភ្នំបូកគោ ទឹកឈូ ដូងទេរ ចុងព្រែក និងរមណីយដ្ឋានកែច្នៃនៃវិស័យឯកជនផងដែរ ។

នៅក្នុងកិច្ច​ប្រជុំមួយកាលពីពេល​ថ្មីៗនេះ ​ឯកឧត្តម ​ម៉ៅ ធនិន អភិបាល​នៃគណៈ​អភិបាលខេត្ត​កំពត​ បានលើកឡើងថា​ ដោយសារតែ​កំណើន​ភ្ញៀវទេសចរ​មក​លេង​ខេត្តកំពត​កាន់​តែ​ច្រើន ធ្វើឱ្យ​មានកា​រកកស្ទះ​នៅ​គល់​ស្ពានព្រែក​កំពត​​ ខណៈដែលស្ពានចាស់​ (ស្ពានឥន្ធនូ ) មានសភាពចាស់ទ្រុឌទ្រោម មិនអនុញ្ញាតឱ្យ​រថយន្ត​ឆ្លងកាត់​បាន​ ពោលគឺឆ្លងកាត់​បានត្រឹមតែអ្នកថ្មើរជើង និងម៉ូតូ​ ដែលធ្វើឱ្យស្ពាន​ថ្មី​មានការកកស្ទះជាប្រចាំ ជាពិសេស​នៅរៀងរាល់ថ្ងៃសៅរ៍ ​និងថ្ងៃអាទិត្យ ក៏ដូចជាថ្ងៃឈប់​សម្រាក​បុណ្យជាតិធំៗ។


ឯកឧត្តម​ អភិបាលបានបញ្ជាក់ថា ៖ «​ដើម្បីកាត់បន្ថយការ​កកស្ទះ​នៅ​លើ​ស្ពាន​ថ្មី និងក្រុ​ងកំពត​ រដ្ឋបាល​ខេត្ត​កំពត​សម្រេច​ថា នឹង​សាងសង់​ស្ពានមួយ​ខ្សែទៀត ឆ្លងកាត់ព្រែក​កំពត​ ឬព្រែក​កំពង់បាយ​នៅ​ពេ​ល​​​ឆា​ប់ៗនេះ។ ម្យ៉ាង​វិញទៀត​ ស្ពាន​ដែល​គ្រោងនឹង​សាងសង់​ថ្មីនេះ មិនត្រឹមតែសម្រាប់ឆ្លងកាត់ធម្មតា​ប៉ុណ្ណោះទេ ប៉ុន្តែ​នឹង​សាងសង់​ឡើង​តាមរចនា​បថពិសេស​ដែលមានសោភ័ណភាព និងអាច​ទាក់ទាញភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិផងដែរ» ។​

ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងក្រុងកំពត ក៏ដូចជាខេត្តទាំងមូល កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពត​ ក្រោមវត្តមានរបស់ឯកឧត្តម ម៉ៅ ធនិនបាន​បើក​ការដ្ឋានសាងសង​នាឡិកា​យក្ស​កម្ពស់​៣៥ម៉ែត្រ​ ដោ​យ​គ្រោង​នឹង​បញ្ចប់​នៅចុងឆ្នាំ២០២៤​នេះ ពោល គឺនឹង​បញ្ចប់នៅមុន​ឆ្លងចូល​ឆ្នាំ​សកល​ ២០២៤ ចូល​ ២០២៥ ដើម្បី​​ទាក់ទាញ​ទេសចរ​មកលេង​ខេត្តកំពត​កាន់តែច្រើន​បន្ថែមទៀត​ ៕