ភ្នំពេញ ៖ គម្រោងព្រែកជីកហ្វូណនតេជោ បានប្រកាសបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅក្រោយអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការសាទរពីប្រជាពលរដ្ឋកម្ពុជា ទាំងក្នុង និងក្រៅប្រទេសយ៉ាងលើសលប់ ហើយរហូតមកដល់ពេលនេះ គម្រោងព្រែកជីកហ្វូណនតេជោក៏បាន និងកំពុងដោះស្រាយផលប៉ះពាល់ទៅលើប្រជាពលរដ្ឋពីគម្រោងអភិវឌ្ឍន៍មួយនេះ ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចតម្រាយផ្លូវទឹកគម្រោង«ព្រែកជីកហ្វូណនតេជោ» កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍ជាប្រវត្យតិសាស្ត្រមួយនេះនៅមិនទាន់បានយកដីរបស់បងប្អូនប្រជាពលរដ្ឋណាមួយម៉ែត្រនៅឡើយ ដូច្នេះហើយសូមកុំមានការព្រួយបារម្ភ ហើយរដ្ឋាភិបាលនឹងដោះស្រាយផលប៉ះពាល់ ឬផ្ដល់សំណងជូនបងប្អូនទាំងអស់ សូម្បីតែដំណាំ ឬដើមឈើហូបផ្លែក៏ត្រូវមានការទូទាត់យ៉ាងសមរម្យ ។
ឯកឧត្តមបន្តថា៖ «ខណៈនេះ ជាពេលវេលាដែលក្រុមការងារកំពុងសិក្សាពីផលប៉ះពាល់លើប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ហើយនៅពេលសិក្សាចប់សព្វគ្រប់ហើយ រដ្ឋាភិបាលនឹងធ្វើការផ្ដល់សំណងទៅលើផលប៉ះពាល់ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋកុំជឿលើការញុះញង់ថា រដ្ឋាភិបាលមិនផ្ដល់សំណងលើផលប៉ះពាល់នោះឱ្យសោះ ។ សម្រាប់ទំហំទទឹងនៃគម្រោងព្រែកជីកហ្វូណនតេជោ គឺមានទីតាំងខ្លះ១០០ម៉ែត្រ ខ្លះ២០០ម៉ែត្រ និងមានកន្លែងខ្លះរហូតដល់៣០០ម៉ែត្រ (ជាកន្លែងដែលកប៉ាល់ត្រូវបត់ ) ដូច្នេះការយកដីរបស់បងប្អូនក៏មានទំហំធំតូចទៅតាមហ្នឹងដែរ »។
ឯកឧត្តមបានបន្ថែមឱ្យដឹងថា ថ្វីត្បិតតែគម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ប៉ុន្តែ សម្រាប់ដំណើរការជីកព្រែក និងដំណើរការគ្រឿងចក្រ គឺមិនទាន់ចាប់ផ្ដើមទេ ហើយពេលនេះត្រូវសិក្សាពីផលប៉ះពាល់លើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងផ្ដល់សំណងជាមុនសិន ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រយ័ត្នចាញ់បោកក្រុមទុចរឹតមួយក្រុមដែលបានបំផុសបំផុលថា បើចង់ធ្វើការនៅការដ្ឋានព្រែកជីក ដូចជាបើកគ្រឿងចក្រក្នុងការដ្ឋានជាដើមនោះ ត្រូវចំណាយលុយជាថ្នូរមួយចំនួនជាមុនសិន។ សូមបញ្ជាក់ថា គោលការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគម្រោងព្រែកជីកទាំងមូល មិនមានគោលការណ៍ទារលុយពីបងប្អូនជាមុន ដើម្បីធ្វើជាថ្នូរនឹងការចូលធ្វើការក្នុងការដ្ឋាននោះឡើយ ។
សូមរំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានគ្រោងថវិកាប្រមាណ ១,៧ពាន់លានដុល្លារ ដោយមានក្រុមហ៊ុនចំនួន ៤ ចូលរួមវិនិយោគ ក្នុងនោះមានក្រុមហ៊ុនរដ្ឋចំនួន២ ក្រុមហ៊ុនឯកជនកម្ពុជាចំនួន១ និងក្រុមហ៊ុនរដ្ឋរបស់ចិនចំនួន ១ផងដែរ ។
គម្រោងនេះ ត្រូវបានរំពឹងថានឹងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសប្រព័ន្ធដឹកជញ្ជូនថ្មីតាមផ្លូវទឹកដែលអាចភ្ជាប់ផ្លូវទឹកសាបទៅកាន់សមុទ្រទឹកជ្រៅរបស់កម្ពុជាក្នុង ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ និងអាចបន្តទៅកាន់កំពង់ផែជាច្រើនទៀតក្នុងតំបន់អាស៊ាន ។ គម្រោងនេះត្រូវបានរំពឹងថានឹងជួយកម្ពុជាឱ្យមានឯករាជ្យភាពក្នុងប្រព័ន្ធដឹកជញ្ជូន ដោយសារតែកន្លងមក កម្ពុជាត្រូវពឹងលើការដឹកជញ្ជូនតាមផ្លូវទឹកនៃប្រទេសវៀតណាម ៕