ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ប្រទេសកម្ពុជាមានផែនការ និងចក្ខុវិស័យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ទន្ទឹមនឹងការអភិវឌ្ឍខ្លួនឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងជំរុញការរៀបចំទីក្រុងឱ្យមានសោភ័ណភាព សណ្ដាប់ធ្នាប់ឱ្យសមជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
យោងតាមប្រសាសន៍ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា បច្ចុប្បន្នប្រជាជនកម្ពុជាសរុបមានចំនួនជាង១៧លាននាក់ ហើយនៅក្នុងឆ្នាំ២០៥០ ចំនួនប្រជាជនកម្ពុជាអាចនឹងកើនឡើងដល់៣០លាននាក់ ដូច្នេះហើយចាំបាច់ត្រូវរៀបចំក្រុង រៀបចំតំបន់ឱ្យបានល្អត្រឹមត្រូវ ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ការរៀបចំទីក្រុងមិនមែនជាការរៀបចំស្អាតតែក្នុងគំនូរ ឬក្នុងប្លង់ទេ តែត្រូវធ្វើម៉េចឱ្យក្រុងនោះ មានពណ៌បៃតង ជាក្រុងដែលមានបែងចែកតំបន់លំនៅឋានកន្លែងរស់នៅដែលធ្វើឱ្យពលរដ្ឋក្នុងក្រុងនោះមានសុខភាពល្អ មានកន្លែងដើរហាត់ប្រាណ មានផ្លូវសម្រាប់ដើរទៅផ្សារ ដើរទៅធ្វើការ និយាយឱ្យចំទៅគឺរៀបចំក្រុងធ្វើយ៉ាងម៉េចអាចជំរុញឱ្យពលរដ្ឋដើរឱ្យបានច្រើន ។
ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ពលរដ្ឋរស់នៅក្នុងក្រុងយើងបច្ចុប្បន្ននិយមធ្វើដំណើរដោយយានយន្ត ម៉ូតូ ឬឡាន ដូច្នេះការរៀបចំក្រុងរបស់យើងនៅពេលអនាគត ត្រូវទម្លាប់ឱ្យពលរដ្ឋដើរឱ្យបានច្រើន ហើយដើម្បីឱ្យពលរដ្ឋចូលចិត្តដើរ មិនថាដើរទៅផ្សារ ទៅកន្លែងធ្វើការ គឺត្រូវបង្កបរិយាកាសងាយស្រួលដល់ពួកគាត់ ដោយត្រូវដាំដើមឈើនៅនឹងផ្លូវថ្មើជើង ។ នៅពេលណាពលរដ្ឋចូលចិត្តដើរ ចូលចិត្តបញ្ចេញសកម្មភាព នោះនឹងអាចជួយលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋបានមួយកម្រិតដោយកាត់បន្ថយពលរដ្ឋកើតជំងឺទឹកនោមផ្អែម លើសឈាម លើសខ្លាញជាដើម»។
គួរកត់សម្គាល់ថា ជាទូទៅ ឯកឧត្តម សាយ សំអាល់ តែងតែណែនាំ និងជំរុញឱ្យអាជ្ញាធរក្រុងនានារៀបចំក្រុងឱ្យបានល្អជាងមុន ដោយមិនបាច់ស្អាតពេក តែសូមឱ្យជាក្រុងដែលពលរដ្ឋចង់រស់នៅ មានសណ្ដាប់ធ្នាប់ ដើរ ១៥នាទី ដល់កន្លែងធ្វើការ ដើរ១៥នាទី ដល់ផ្សារ ដល់សាលារៀន ឬដល់មន្ទីរពេទ្យ ។
បច្ចុប្បន្ននេះ សម្រាប់នៅរាជធានីភ្នំពេញ ចាប់ផ្ដើមរៀបចំផ្លូវថ្មើជើងថ្មីៗបន្ថែមទៀត ដើម្បីជំរុញឱ្យពលរដ្ឋដើរកម្សាន្ត ហាត់ប្រាណ និងទិញទំនិញ ពោលគឺនឹងជំរុញឱ្យពលរដ្ឋដើរឱ្យបានច្រើន ដោយនៅមុនដំណាច់ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យប្រើប្រាស់នូវផ្លូវថ្មើជើងចំនួន ២ខ្សែនៅកណ្ដាលរាជធានីភ្នំពេញបន្ថែមពីលើផ្លូវថ្មើជើងដែលមានស្រាប់នាពេលបច្ចុប្បន្ននេះ ។ ក្រៅពីនេះ នៅតាមបណ្ដាក្រុងមួយចំនួនក៏បានរៀបចំសួនច្បារដោយផ្ដោតលើទីតាំងហាត់ប្រាណ និងកន្លែងពលរដ្ឋបញ្ចេញសកម្មភាព ដើរកម្សាន្ត នៅពេលល្ងាចៗ ។
សូមរំលឹកដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហើបពីគម្រោងសាងសង់ផ្លូវសម្រាប់ជិះកង់នៅតំបន់ឆ្នេរដោយតភ្ជាប់ពីខេត្តកែប កាត់តាមខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ។ ការបង្កើតផ្លូវជិះគង់នេះ នឹងទាក់ទាញភ្ញៀវទេសចរបរទេសដែលនិយមជិះកង់កម្សាន្តតាមផ្លូវឆ្ងាយៗចូលមកកម្ពុជាបន្ថែមទៀតផងដែរ៕