ភ្នំពេញ ៖ ថ្វីត្បិតតែ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​នៅមិនទាន់បានល្អប្រសើរឡើងក្ដី ប៉ុន្តែចំពោះសកម្មភាពនៃការ​វិនិយោគ​​នៅតាមបណ្ដា​ប្រ​ទេសមួយចំនួនហាក់កម្រើកឡើងវិញជាបណ្តើរៗ ជាក់ស្ដែង​ក្នុងរយៈ​ពេល៦ខែ​ ដើមឆ្នាំ២០២៤​កន្លងទៅនេះ សម្រាប់តែកម្ពុជា ​ទទួល​បាន​ទុន​វិនិ​យោ​គ​​ប្រមាណ ២៦០០លានដុល្លារអាមេរិក​ក្នុងវិស័យ​សំណង់។ នេះ​បើតាម​ប្រសាសន៍ឯកឧត្តម​ លាង មុនីរិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ កាលពីថ្ងៃដើមសប្ដាហ៍នេះ។

ឯកឧត្តម​ លាង មុនីរិទ្ធ បានមាន​ប្រសាសន៍ថា បើទោះបីជា​ស្ថានភាពសេដ្ឋកិច្ច​ក្នុង​តំបន់ និងពិភពលោក នៅពុំ​ទាន់​ប្រសើរ​ឡើង​វិញ​​ដូច​ស្ថានភាពមុន​​ការរីក​រាលដាល​នៃជំងឺកូវីដ​១៩ក៏ដោយ ប៉ុន្តែទុន​វិនិយោគ​ក្នុង​សំណង់អគារ ​រយៈ​ពេល៦ខែ​ដើមឆ្នាំ ២០២៤នេះ កម្ពុជាទទួលបាន​ប្រមា​ណ ​​២,៤​ពាន់​លានដុល្លារ​អាមេរិក ដែលជាសញ្ញាបង្ហាញថា ​វិស័យ​សំណង់​កម្ពុជា​នៅតែមាន​កំណើន​ជា​ប្រចាំ​ ជាពិ​សេ​ស​គម្រោង​ថ្មីៗ​ដែល​បានស្នើ​សុំ​ក្នុងរយៈ​ពេល៦ខែ​ដើមឆ្នាំ២០២៤​នេះ មានកំណើន​ខ្ពស់ជាង​រយៈពេល​ដូច​គ្នាកាលពី​ឆ្នាំ២០២៣ ។


បើតាម​របាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​​បានបង្ហាញផងដែរថា ក្នុង​រយៈពេល​៦ខែ​ដើមឆ្នាំ ២០២៤​​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ១៩០​គម្រោង​ ដែលទឹកប្រាក់​ចំនួន​ ៣,២​ពាន់លានដុល្លារ​អាមេរិក។ បើធៀបនឹង​រយៈ​ពេលដូចគ្នា​កាលពីឆ្នាំ ២០២៣​កន្លងទៅ ឃើញ​ថា​មាន​គម្រោ​ងវិនិយោគតែចំនួន ១១៣​គម្រោង​ប៉ុណ្ណោះ នឹងមានទឹក​ប្រាក់​វិនិយោក​ចំនួន ១ ១៩៥​លាន​ដុល្លារ​អា​មេរិក ដែល​សបញ្ជាក់ថា ក្នុង​ឆ្នាំ២០២៤​នេះ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​ខ្ពស់ជាង​ឆ្នាំមុន ។

បើតាម​របាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានបង្ហាញថា គម្រោង​សំណង់អគារ​ដែលធំ​ជាង​គេ​ គឺគម្រោង​វិនិយោគ​បង្កើត​ និងធ្វើអាជីវកម្ម​សណ្ឋាគារ​ផ្កាយ​៥ ចំនួន ២ ៨៧០​បន្ទប់ និង​មជ្ឈ​ម​ណ្ឌ​ល​​ពាណិជ្ជកម្ម ដែល​មានទីតាំង​ស្ថិតនៅ​ក្នុង​ក្រុងព្រះ​សីហនុ ខេត្ត​ព្រះសីហនុ ជាមួយ​ទុន​វិនិ​យោ​គ​ប្រ​មា​ណ ​៥៧៤​​លាន​ដុល្លារ​អាមេរិក ។ គម្រោងនេះ អាច​បង្កើត​ការងារ​បានរហូតដល់​ ៣ ៨៦០​នាក់​ឯណោះ ។

ដោយឡែក ​គម្រោង​សំណង់អគារ​ខ្ពស់ៗ ក្នុងឆ្នាំ២០២៤​នេះ ជាការកត់សម្គាល់​មិនមានគម្រោង​ថ្មីៗ​នោះទេ ដោយសារតែកត្តា​ការផ្គត់ផ្គង់​មានច្រើនជាង​តម្រូវការ ដូច្នេះ​វា​ត្រូវការ​ពេល​វេលា​​ដើម្បី​រកទីផ្សារ​សម្រាប់​អគារ​ដែល​បានផ្គត់ផ្គង់កាលពី​ពេល​កន្លងទៅនេះ ជាពិសេស​នៅមុនការរី​ករាលដាលនៃជំងឹកូវីដ​១៩ ។


លោក សន សៀប ប្រធាន​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជា (CVEA) បានលើកឡើង​ថា កម្ពុជា​ត្រូវការ​ពេលវេលា​បន្ថែម​ ដើម្បីស្ដារវិស័យ​អចលនទ្រព្យ​ឱ្យ​វិល​ត្រលប់​ទៅរក​ប្រក្រតីភាពដូច​មុនវិបត្តិ​កុវីដ១៩ ។ បើតាមលោក សន សៀប ​វិស័យ​អលចនទ្រព្យ​កម្ពុជា​អាច​នឹង​វិល​ទៅរកស្ថានភាពដូច​មុន​វិបត្តិកូវីដ​១៩​វិញ ក្នុងអំឡុងឆ្នាំ២០២៨ ប៉ុន្តែក្នុងអំឡុង​ពេល​នេះ អ្នកវិនិយោគ​ក៏ដូចជា​ម្ចាស់​អចលនទ្រព្យ​គួរ​រក​វិធីសាស្ត្រ​ធ្វើឱ្យ​អចលនទ្រព្យអាចផ្ដល់​ចំណូ​ល​ជាជាងទុក​ចោល​អត់មានចំណូល និងពុកអគារចោល ៕