ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូ​បនី​យកម្ម និងសំណង់​​ បានលើកឡើងថា ប្រទេស​កម្ពុជា​មានផែន​ការ​ និង​ចក្ខុវិស័យ​​ក្លាយទៅជា​ប្រទេសដែល​មានប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅឆ្នាំ២០៣០ និង​ប្រទេស​មានប្រាក់ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០ ។ ទន្ទឹម​នឹង​ការ​អភិវឌ្ឍខ្លួនឱ្យក្លាយជា​ប្រ​ទេ​សមានប្រាក់​ចំណូលខ្ពស់​នោះ ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ ដែល​ជាសេនាធិការ​របស់​​រា​ជ​រដ្ឋាភិបាល​​ បាន និងកំពុងជំរុញការ​រៀប​ចំទីក្រុង​ឱ្យ​មានសោភ័ណភាព ​សណ្ដាប់ធ្នាប់​ឱ្យ​សម​ជា​​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់នៅឆ្នាំ២០៥០​ ។

យោងតាមប្រសាសន៍​ ឯកឧត្តម សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូ​បនី​យកម្ម និងសំណង់​​ បានឱ្យដឹងថា បច្ចុប្បន្ន​ប្រជាជនកម្ពុជា​សរុបមានចំនួន​ជាង​១៧​លាននាក់​​​ ហើយនៅក្នុងឆ្នាំ២០៥០ ​ចំនួន​ប្រជាជន​កម្ពុជា​អាច​នឹងកើនឡើងដល់៣០​លាននាក់​ ដូច្នេះហើយ​​ចាំបាច់ត្រូវ​រៀបចំ​ក្រុង ​រៀប​ចំ​តំបន់​ឱ្យបានល្អត្រឹមត្រូវ ។​

ឯកឧត្តម​បានមានប្រសាសន៍បន្តថា​ ការរៀបចំ​ទីក្រុង​មិនមែន​ជាការ​រៀបចំស្អាត​តែក្នុងគំនូរ​ ឬក្នុងប្លង់​ទេ តែត្រូវ​ធ្វើ​ម៉េច​ឱ្យ​ក្រុង​នោះ មានពណ៌បៃតង ជាក្រុង​ដែល​មានបែងចែក​តំបន់​លំនៅឋានកន្លែង​រស់​នៅ​ដែល​ធ្វើឱ្យ​ពលរដ្ឋ​ក្នុងក្រុង​នោះមានសុខភាព​ល្អ​ មានកន្លែង​ដើរ​ហាត់ប្រាណ​ មានផ្លូវ​សម្រាប់ដើរទៅផ្សារ​ ដើរទៅធ្វើការ និយាយឱ្យចំទៅគឺរៀបចំក្រុង​ធ្វើយ៉ាងម៉េចអាចជំរុញឱ្យ​ពលរដ្ឋ​ដើរ​ឱ្យបាន​ច្រើន ។

ឯកឧត្ត​ម​បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ពលរដ្ឋ​រស់នៅក្នុងក្រុង​យើង​បច្ចុប្បន្ន​​​និយមធ្វើដំណើរ​ដោយយានយន្ត​ ម៉ូតូ ឬឡាន ដូច្នេះ​ការ​រៀបចំ​ក្រុង​របស់យើង​នៅពេលអនាគត​ ត្រូវទម្លាប់ឱ្យពលរដ្ឋ​ដើរ​ឱ្យ​បាន​ច្រើន ហើយដើម្បី​ឱ្យ​ពលរដ្ឋ​ចូលចិត្ត​ដើរ​ មិនថា​ដើរទៅផ្សារ​ ទៅកន្លែង​ធ្វើការ គឺត្រូវ​បង្កបរិយាកាសងាយស្រួលដល់ពួកគាត់ ដោយត្រូវ​ដាំ​ដើ​​ម​ឈើ​​នៅ​នឹងផ្លូវ​ថ្មើជើង​ ។ នៅពេល​ណា​ពល​រដ្ឋចូលចិត្ត​ដើរ​ ចូល​ចិត្ត​បញ្ចេញសកម្មភាព ​នោះនឹងអាច​ជួយ​លើក​កម្ពស់សុខុមាលភាព​របស់ពលរដ្ឋ​បានមួយកម្រិត​ដោយកាត់បន្ថយ​ពលរដ្ឋ​កើតជំងឺ​ទឹកនោមផ្អែម លើស​ឈាម លើស​ខ្លាញជាដើម»។

គួរកត់សម្គាល់ថា ជាទូទៅ ឯកឧត្តម​ សាយ​ សំអាល់​ តែងតែណែនាំ និងជំរុញឱ្យ​អាជ្ញាធរ​ក្រុង​នានា​​រៀបចំ​ក្រុងឱ្យ​បានល្អជាងមុន ដោយ​មិនបាច់​ស្អាតពេក តែសូមឱ្យ​ជា​ក្រុង​ដែ​ល​ពលរដ្ឋ​ចង់រស់​នៅ​ មាន​សណ្ដាប់ធ្នាប់ ដើរ​ ១៥នាទី​ ដល់​កន្លែង​ធ្វើការ ដើរ​១៥​នាទី ដល់​ផ្សារ​ ដល់​​សាលា​រៀន​ ឬដល់​មន្ទីរពេទ្យ ។​

បច្ចុប្បន្ន​នេះ សម្រាប់​នៅរាជធានីភ្នំពេញ ចាប់ផ្ដើម​រៀបចំ​ផ្លូវ​ថ្មើ​ជើង​ថ្មីៗ​បន្ថែមទៀត ដើម្បីជំរុញឱ្យ​ពលរដ្ឋ​ដើរ​កម្សាន្ត​ ហាត់​ប្រាណ​ និងទិញទំនិញ​ ពោលគឺនឹង​ជំរុញឱ្យពលរដ្ឋ​ដើរ​ឱ្យ​បាន​ច្រើន​ ដោយ​នៅមុន​ដំណាច់​ឆ្នាំ​២០២៤​នេះ​ រដ្ឋបាល​រាជធានីភ្នំពេញនឹង​ដាក់ឱ្យ​ប្រើប្រាស់​​នូវ​ផ្លូវថ្មើ​ជើង​ចំនួន ២​ខ្សែ​នៅកណ្ដាល​រាជធានីភ្នំពេញបន្ថែមពីលើ​ផ្លូវ​ថ្មើ​ជើង​ដែល​មានស្រាប់នាពេ​ល​​​បច្ចុប្បន្ន​នេះ ។ ក្រៅពីនេះ នៅតាមបណ្ដាក្រុងមួយចំនួន​ក៏​បានរៀបចំ​សួនច្បារ​ដោយផ្ដោតលើ​ទីតាំង​ហាត់ប្រាណ និង​កន្លែង​ពលរដ្ឋ​បញ្ចេញ​សកម្មភាព​ ដើរ​កម្សាន្ត​ នៅពេល​ល្ងាចៗ ។

សូមរំលឹកដែរថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏បានបង្ហើ​បពីគម្រោងសាងសង់​ផ្លូវសម្រាប់​ជិះកង់​នៅតំបន់​ឆ្នេរ​​ដោយតភ្ជាប់ពី​ខេត្តកែប កាត់​តាមខេត្តកំពត ខេត្តព្រះសីហនុ​ និង​ខេត្ត​កោះកុង ។ ​ការ​បង្កើត​ផ្លូវជិះគង់នេះ នឹង​ទាក់ទាញភ្ញៀវទេសច​របរទេស​ដែល​និយម​ជិះកង់​កម្សាន្ត​តាមផ្លូវឆ្ងាយ​ៗចូល​មកក​ម្ពុជា​បន្ថែមទៀត​ផងដែរ៕