បរទេស ៖ វិបត្តិអចលនទ្រព្យនៅចិន រហូតមកដល់ពេលនេះ នៅតែបន្តអូសបន្លាយតាមទាញទម្លាក់វិស័យមួយនេះឱ្យធ្លាក់ចុះ និងមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយនោះទេ។ ជាការគួរឱ្យកត់សម្គាល់ ចាប់តាំងតែរដ្ឋាភិបាលមានចំណាត់ការលើវិស័យអលចនទ្រព្យដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំងកាលពីឆ្នាំ២០២០មក មានបណ្តាក្រុមហ៊ុនធំៗជាច្រើនបានប្រឈមមុខទៅនឹងបញ្ហាបំណុលបន្តកន្ទុយគ្នា ជាពិសេស ក្រុមហ៊ុន Evergrande បើទោះបីជាមានកិច្ចខិតខំក្នុងការជួយបន្ធូរបន្ថយជាច្រើនវិធីសាស្ត្រពីសំណាក់រដ្ឋាភិបាលចិនក៏ដោយ។
វិបត្តិនេះ ជាចំណែកមួយដែលបានធ្វើឲ្យសេដ្ឋកិច្ចចិនអាចទទួលបានកំណើនតិចតួច ហើយតាមការព្យាករណ៍ដោយធនាគារ UBS សម្រាប់ឆ្នាំក្រោយនេះ សេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះពី ៤,៦ភាគរយ មកនៅត្រឹមតែ ៤ភាគរយប៉ុណ្ណោះ។
មិនត្រឹមតែទីផ្សារនៅចិនដីគោកនោះទេ វិបត្តិនេះបានអូសទាញផលលំបាកទៅដល់បណ្តាប្រទេសមួយចំនួនដែលមានការពាក់ព័ន្ធនឹងទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងហុងកុងផងដែរ។ ក្រុមហ៊ុនតូចធំជាច្រើនបានបន្តបិទទ្វារ ហើយចុងក្រោយនេះសូម្បីតែក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំបំផុត និងមានអាយុកាលចំណាស់បំផុតរបស់ក្រុងហុងកុង New World Development ក៏កំពុងរងគ្រោះធ្ងន់ធ្ងរដូចគ្នាផងដែរ។
ក្រុមហ៊ុន New World Development នៅក្នុងសប្តាហ៍នេះបានបង្ហាញតួលេខខាតបង់ដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង២ទសវត្សរ៍របស់ខ្លួននៅក្នុងអាជីវកម្មអចលនទ្រព្យ ដែលគិតត្រឹមខែមិថុនាកន្លងទៅ ទំហំដែលក្រុមហ៊ុនខាតបង់មានរហូតទៅដល់ ២០ពាន់លានដុល្លារហុងកុង ឬប្រមាណជា២ពាន់លោនផោន។
ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍នេះបានអះអាងថា របាយការណ៍អវិជ្ជមានឆ្នាំនេះកើតឡើងដោយសារតែការខាតបង់លើការវិនិយោគ និងការអភិវឌ្ឍន៍ អត្រាការប្រាក់ខ្ពស់ និងអត្រាតម្លៃប្រាក់យ័ន ដែលកំពុងធ្លាក់ចុះយ៉ាងខ្លាំង ហើយប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ទៅ ២៣ភាគរយផងដែរ។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន New World Development ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧០ ដោយការវិនិយោគរបស់ក្រុមហ៊ុនភាគច្រើនធ្វើឡើងទៅលើការអភិវឌ្ឍន៍លំនៅដ្ឋាន ផ្សារទំនើប ការិយាល័យ និងសណ្ឋាគារ។ ក្រុមហ៊ុនត្រូវបានគេចាត់ទុកថាគឺជាឧបករណ៍វាស់វែង និងទីកណ្តាលសម្រាប់សំគាល់សុខភាពសេដ្ឋកិច្ចរបស់ក្រុងហុងកុងទាំងមូល៕