ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ ម្ចាស់អចលនទ្រព្យដែលខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធលើអចលនទ្រព្យទាន់ពេលវេលានឹងទទួលរងនូវការពិន័យទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ ដើម្បីបំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យ ម្ចាស់អចលនទ្រព្យអាចប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យបានទាំងផ្ទាល់ និងអនឡាញតាមរយៈមធ្យោបាយណាមួយ ក៏បានរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖

ទី១៖ តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App

ទី២៖ នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ

ទី៣៖ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។

ក្នុងន័យនេះ ម្ចាស់អចលនទ្រព្យអាចឈ្វេងយល់កាន់តែច្បាស់ពីពន្ធលើអចលនទ្រព្យ ដោយអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំខិត្តប័ណ្ណ ស្តីពីពន្ធលើអចលនទ្រព្យ ដែលមានការចងក្រងលម្អិតពី កម្មវត្ថុនៃពន្ធ និយមន័យពាក្យគន្លឹះសំខាន់ៗ ការលើកលែងពន្ធ មូលដ្ឋានគិតពន្ធអត្រា ការគណនានិងឧទាហរណ៍ ព្រមទាំងបែបបទនិងនីតិវិធីនៃការប្រកាសនិងបង់ប្រាក់ពន្ធនេះផងដែរ៕