ភ្នំពេញ ៖ កំណើន​ផ្សារ​ទំនើប​នៅរាជធានីភ្នំពេញក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការ​អភិវឌ្ឍន៍​ច្រើនគួរឱ្យកត់សម្គាល់​រាប់ទាំង​ប្រភេទផ្សារទំនើបធំៗមកពីបរទេស និងផ្សារទំនើប​ខ្នាតតូចដែលវិនិយោគដោយអ្នកនៅក្នុងស្រុក ខណៈផ្សារទំនើបមួយចំនួន​​បានផ្អាក​សកម្ម​ភាព និងខ្លះទៀត​​នៅដំណើរការ​ដែរ តែមិនសូវ​មានភ្ញៀវចេញចូល​ច្រើន ។ ក្នុងរូបភាពបែបនេះ អ្នក​ជំនាញ​អច​ល​ន​ទ្រ​ព្យ​បានផ្ដល់ជាទស្សនទានថា មុនសម្រេចទម្លាក់ទុនវិនិយោគនៅក្នុងវិស័យមួយនេះ អ្នក​អភិ​វឌ្ឍ​ន៍​​គួរ​សិក្សា​ពីតម្រូវការទីផ្សារឱ្យបាន​ច្បាស់លាស់ ជៀសវាងទទួលរងនូវការខាតបង់។​

លោក ឡាត់ ច័ន្ទដារា​ អ្នកគ្រប់​គ្រងជាន់ខ្ពស់​នៃក្រុមហ៊ុន​ CBRE Cambodia បានមានប្រសាសន៍ថា​ ក្នុងពេល​បច្ចុប្បន្ន​នេះ នៅក្នុងរាជធានីភ្នំពេញ ទីផ្សារ​ ផ្សារទំនើប​នៅ​មានឱកាស​​ ប៉ុន្តែ​ក្នុងកាលៈទេសៈនេះ អ្នក​អភិ​វ​ឌ្ឍ​ន៍​​គួរ​មានការ​សិក្សា​ឱ្យ​បានច្បាស់លាស់ និង​ល្អិត​ល្អន់​ជាងមុន​ជាមួយ​អ្នកជំនាញ​មុននឹងចាប់ផ្ដើមវិនិយោគ ​ឬក៏​អ​ភិ​វឌ្ឍន៍ ហើយអ្នកអភិវឌ្ឍន៍​ខ្លួនឯង​ក៏​គួរតែ​ដឹង​​ពី​សក្ដានុពល​ទីតាំង ចំនួន​ពលរដ្ឋ​ដែល​នឹង​អាច​ទា​ក់ទាញ​ចូល​ផ្សារទំនើប​របស់ខ្លួន​ ។

 

លោក ​ច័ន្ទដារា បានមានប្រសាសន៍ថា​ ៖

«ក្នុងពេល​បច្ចុប្បន្ន​នេះ អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​​ ជាពិសេស​អ្ន​ក​អ​ភិ​វឌ្ឍន៍លំនៅឋាន បាន​បង្វែរទុនរបស់ខ្លួនទៅវិនិយោគ និងអភិវឌ្ឍន៍លើ​ផ្សារទំនើបសហគមន៍ ( Community Mall ) ដែលជា​ប្រភេទ​ផ្សារទំនើប​ចំហរ ( Outdoor ) ។ ផ្សារទំនើប​បែបនេះ កំពុង​មានការ​បើក​ដំណើរការ និង​វិនិយោគ​ជា​បន្តបន្ទាប់ ហើយអាចស្រូបទាញ​អតិថិជន​ពីផ្សារទំនើប​ ( Super Market )បានច្រើន ដូច្នេះអ្នកអភិវឌ្ឍន៍ ផ្សារទំនើប Super Market គួរ​តែគិតគូរឱ្យបានល្អិតល្អ​មុននឹង​វិនិយោគ»។

លោកអ្នកឧកញ៉ា​ ពុង ឃាវសែ អ្នកជំនួញអចលនទ្រព្យ ​និងជាអ្នកអភិវឌ្ឍន៍ផ្សារទំនើប​ដំបូងគេ​នៅកម្ពុជា​បាន​ថ្លែងកាលពីពេលកន្លងទៅថា មិនថា​តែផ្សារទំនើបក្នុង​ស្រុក ​ឬ​​ផ្សារ​ប្រពៃណីក្នុង​រាជធានីភ្នំពេញនោះទេ បើសិនជាមិនមានការ​កែប្រែ ​ឬនៅតែធ្វើអាជីវកម្មតាមទម្លាប់​ដូច​មុននោះ នឹ​ង​មិនអាច​ទាក់ទាញភ្ញៀវ​បានទេ ។ ពេល​នោះ​ដែរ ផ្សារទំនើបដែល​មកពីខាងក្រៅប្រទេសថ្មីៗ នឹង​ស្រូប​ទាញ​យកភ្ញៀវ​ពីផ្សារ​ទំនើប​ក្នុងស្រុក​​ និងផ្សារ​ប្រពៃណី។

អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិ​ក្រុមហ៊ុន PropNex Cambodia​ បានបញ្ជាក់ថា អតិថិជន​គោលដៅ​របស់ផ្សារទំនើប និងផ្សារ​ប្រពៃណីមិនដូចគ្នា ។ អ្នក​ចូលផ្សារទំនើប​មាន​គោល​ដៅ​​ផ្សេង​ ចំណែកអ្នកចូលផ្សារប្រពៃណី ដូចជា​ផ្សារ​ទួល​ទំពួង ផ្សារ​បឹង​កេងកង​ ផ្សារ​អូរឬស្សី និងអូរឡាំពិក​ជាដើម​នោះ គឺមានគោលដៅ​ផ្សេង​ ហើយផ្សារ​ទំាំង​នេះ​នៅតែ​មាន​សក​ម្ម​ភាព​ ។


​ទោះជាយ៉ាងណាក្ដី ការអភិវឌ្ឍ​ផ្សារទំនើប ( Super Market ) វាប្រាកដ​ណាស់​នឹងអាច​ទាញយក​អតិថិជន​ជាងផ្សារ​ប្រ​ពៃ​ណី ប៉ុន្តែវាក៏មិនប៉ះពាល់ដល់ផ្សារប្រពៃណី​ធ្ងន់ធ្ងរ​នោះដែរ ។ ដូច្នេះ សរុបសេចក្ដីមក​ ការ​អភិវឌ្ឍ​ផ្សារ​ទំនើប Super Market ​ ពិត​ជា​បានទាញ​យកអតិថិជន​ពីផ្សារប្រពៃណី ហើយការអភិវឌ្ឍ​ផ្សារ​ទំនើប​សហគមន៍ (​ Community Mall ) ក៏បានស្រូបទាញយកអតិថិជន​ពី​ផ្សា​​រ​​ទំនើប Super Market ដែរ ។ ទោះជាយ៉ាងណា វត្តមាននៃផ្សារទំនើបគ្រប់កម្រិត បានផ្តល់ជម្រើសយ៉ាងច្រើនសម្រាប់អតិថិជន៕