ភ្នំពេញ ៖ ​ថ្វីត្បិតតែស្ថានភាពសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជានៅមិនទាន់​មានភាពល្អប្រសើរ​​ដូវច​មុន​វិបត្តិ​កូ​វីដ​១៩​មែន ប៉ុន្តែ​សម្រាប់វិស័យអចលនទ្រព្យនៅតែបន្តមានសកម្មភាព ដោយក្នុងនោះសម្រាប់តែការផ្គត់ផ្គង់ទីផ្សារ​ខុនដូ​ ជាពិសេស​នៅក្នុង​រាជធានីភ្នំពេញនៅតែមាន​កំ​ណើ​ន​​ជា​បន្តបន្ទាប់។ ជាក់ស្ដែង​ ក្នុងឆ្នាំ២០២៣​កន្លងទៅនេះ ចំនួននៃការផ្គត់ផ្គង់​ខុន​ដូ​លើទីផ្សារ​ភ្នំពេញ​មានមិនដល់៦ម៉ឺន​យូ​នីត​នោះទេ ប៉ុន្តែ​​នៅដំណាច់ឆ្នាំ​២០២៤​នេះ ការ​ផ្គត់​ផ្គង់​រំពឹងថានឹង​កើនដល់​ជាង​៧ម៉ឺនយូនីត​ ។ ​នេះ​បើតា​ម​រ​បា​យ​កា​រ​ណ៍​របស់​​ក្រុមហ៊ុន​CBRE Cambodia ចេញផ្សាយ​កាលពីប៉ុន្មានថ្ងៃមុននេះ​ ។​

យោងតាមរបាយការណ​ដដែល​នេះបានបង្ហាញថា ក្នុងឆ្នាំ​២០១៩ ​ការផ្គត់ផ្គង់​ខុនដូលើទីផ្សារ​ក្នុង​រាជធានី​ភ្នំ​ពេញមានប្រមាណជាង​២ម៉ឺនយូនីត​ប៉ុណ្ណោះ ហើយ​ដល់ឆ្នាំ២០២០ បាន​កើន​ឡើងដល់ជិត​៣ម៉ឺន​យូនីត ​និង​បានបន្ត​កើនឡើងជា​បន្តបន្ទាប់រហូតដល់ជិត​៦​ម៉ឺន​យូ​នី​តក្នុង​ឆ្នាំ២០២៣​ ។​ ការ​ផ្គត់ផ្គង់​ខុនដូ​នៅ​លើ​ទី​ផ្សា​រ​​​ភា​គ​ច្រើន​ ជា​ប្រភេទ​ខុនដូ​តម្លៃ​មធ្យម បន្ទាប់​​ម​ក​តម្លៃ​សមរម្យ ចំណែក​ខុនដូ ប្រភេទតម្លៃខ្ពស់​មាន​តិច​តួច​​ប៉ុណ្ណោះ ។

បើតាម​របាយការណ៍​ដដែលបានបង្ហាញផងដែរថា សម្រាប់គម្រោងវិនិយោគថ្មីៗ​លើ​វិស័យខុនដូ​នៅក្នុងរាជធានីភ្នំពេញ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ចាប់តាំងពី​ឆ្នាំ២០២០ ខណៈដែលក្នុងឆ្នាំ២០១៩ មាន​រហូតដល់​ជាង​៣០​គម្រោង ប៉ុន្តែ​ដល់​ឆ្នាំ២០២០​ បានធ្លាក់ចុះមកនៅត្រឹម​១៥គម្រោង និង​បន្តធា្លក់​មក​ទៀត​ត្រឹម​៣គម្រោង​ក្នុងឆ្នាំ២០២១​ ។ ប៉ុន្តែ គិត​ត្រឹម​​ត្រីមាសទី​៣ឆ្នាំ ២០២៤​នេះ គម្រោ​ងវិនិយោគ​លើ​ខុនដូថ្មីក្នុងរាជធានីភ្នំពេញ បានកើនឡើងដល់​ចំនួន​ ៥គម្រោងវិញ។

ចំពោះតម្លៃខុនដូ​ ក្នុងត្រីមាសី​៣ឆ្នាំ ២០២៤​នេះ បានធ្លាក់ចុះ​នូវ​ប្រភេទខុនដូ​សម​រម្យ​ និ​ង​តម្លៃខ្ពស់​ក្នុងនោះ ខុនដូតម្លៃសមរម្យ​​បានថយចុះប្រមាណ​៩,៩ភាគរយ ហើយខុនដូតម្លៃខ្ពស់​បាន​ធ្លាក់​ចុះ​តែ​​០,៣ភាគរយ​ប៉ុណ្ណោះ ខណៈ​ខុន​ដូ​តម្លៃ​មធ្យម​បានឡើងថ្លៃ​ ៥,៩ភាគរយ ។

លោក​ ឡាត់ ចន្ទដារា​ អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃក្រុមហ៊ុន​ CBRE Cambodia បានឱ្យដឹងថា បច្ចុប្បន្ននេះ ទីផ្សារ​ខុនដូ និងអាផាតមិន​កំពុងមានការ​ប្រកួ​តប្រជែង​គ្នា​យ៉ា​ងខ្លាំង ដែល​ធ្វើ​ឱ្យ​អ​តិ​ថិជ​ន​ឬភ្ញៀវ​ទេសចរ​បរទេស​មកដល់​កម្ពុជា​​មានជម្រើសច្រើន​​ក្នុងការ​ជ្រើស​រើស​។​

លោក​បន្តថា​ តាមរយៈកំណើន​នៃការផ្គត់ផ្គង់​ខុនដូនៅក្នុងរាជធានីភ្នំពេញ ធ្វើឱ្យតម្លៃ​នៃការជួលអាផាតមិន​​នៅលើ​ទីផ្សារ​បន្ត​រក្សា​ស្ថេរភាព​នៅទ្រឹង មិនទាន់ងើបឡើង​វិញ​បានទេទោះបីជា​កំណើ​ន​ភ្ញៀវទេសច​បរទេស​មានការកើនឡើង​ជា​មុនក្ដី ។

លោកឱ្យដឹងថា ​៖ តាមតួលេខ​របស់ក្រសួងទេសចរណ៍ ​កំណើន​ភ្ញៀវ​ទេស​​ចរ​បរទេស​ចាប់ផ្ដើម​មានការកើនឡើង​ ប៉ុន្តែ​បើ​ពិនិត្យឱ្យ​មែនទែន​ឃើញថា​ភាគច្រើន​នៃភ្ញៀវទេសចរ​ចូលមក​កម្ពុជាជាភ្ញៀវជនជាតិថៃ និងវៀតណាម ដែលជាភ្ញៀវមកលេង​ក្នុង​រយៈ​ពេលខ្លីប៉ុណ្ណោះ ខុសពីមុន​ឆ្នាំ​២០២​០ ដែល​ភាគ​ច្រើន​នៃភ្ញៀវមកដល់​កម្ពុជា​គឺជា​ភ្ញៀវជនជាតិចិន និងត្រូវការ​ស្នាក់​នៅ​រយៈ​ពេល​យូរ ។

លោក​ ដារា​ បាន​បញ្ជាក់ដែរ​ថា សម្រាប់​ទីផ្សារ​ខុនដូ និងអាផាតមិន​ ចាប់ផ្ដើម​មានសញ្ញាណវិជ្ជមានខ្លះៗ ដោយ​​កម្ពុជា​រក្សា​បា​ននូវកំណើនសេដ្ឋកិច្ចខ្ពស់សម្រាប់ឆ្នាំ ២០២៤ និង ២០២៥ ហើយកំណើ​ន​វិ​និ​យោ​គ​ក៏​មា​ន​ចំ​នួ​ន​គួ​រអោ​យ​កត់សម្គាល់ ជាពិសេស លើវិស័យឧស្សាហកម្ម ។ ម្យ៉ាងវិញទៀត ទីផ្សារជួល​ហា​ក់​​មា​ន​កំ​ណើ​ន​ក្នុ​ង​ត្រី​មា​ស​ទី​ ​៣​ នេះ អា​ស្រ័យ​ដោយ​នៅ​គម្រោង​ខ្លះជាគម្រោងខុនដូ មានតម្លៃជួលសមរម្យជាងមុន ដែលអាចទា​ក់​ទា​ញ​នូ​វតម្រូការពីសំណាក់អតិថិជនបាន ៕