កំពង់ស្ពឺ ៖ ដូចដែលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានមានប្រសាសន៍ថា ក្នុងចាប់ពីអំឡុងខែមេសា ឆ្នាំ២០២៥នេះ បណ្ដាខេត្តមួយចំនួននឹងបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជាប្រពន្ធ។ ជាក់ស្ដែង ក្រៅពីខេត្តកំពង់ចាម និងខេត្តស្វាយរៀង នៅត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសជាខេត្តដែលបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធមួយទៀត ហើយក៏ចាប់ផ្ដើមចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាជនជាបន្តបន្ទាប់ផងដែរ ។

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រីចំនួន២រូប គឺ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៥៩ ៩៥៣បណ្ណ ។
ក្នុងរបាយការណ៍ស្វាគមន៍ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ក្នុងស្មារតីបុរេសកម្មនេះ រដ្ឋបាលខេត្ត តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានបែងចែកក្រុមការងារវាស់វែងដីធ្លី ចំនួន ២១ក្រុម ស្មើនឹង ៥៣៥នាក់ ដើម្បីបន្តបេសកកម្មក្នុងកិច្ចការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ។

លោកបន្តថា ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១ ១០០ ៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១ ០៨៨ ០៩៥ក្បាលដី ។ ដីធ្លីដែលបានវាស់វែងមានលក្ខណៈជាប្រព័ន្ធចប់រួចរាល់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃនេះ ធ្វើពិធីប្រកាសខេត្តកំពង់ស្ពឺបញ្ចប់ការវាស់វែងដីធ្លី ព្រមទាំងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩ ៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១ ០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩ ៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥ ៧៩០បណ្ណ ស្មើនឹង ៧ភូមិ ២ឃុំ, ស្រុកសំរោងទង ចំនួន ៤ ៨៧២បណ្ណ ស្មើនឹង ៨ភូមិ ២ឃុំ, ស្រុកថ្ពង ចំនួន ១០ ៣៨៣បណ្ណ ស្មើនឹង ១៩ភូមិ ៣ឃុំ, ក្រុងឧដុង្គម៉ែជ័យ ចំនួន ១១ ៦២៦បណ្ណ ស្មើនឹង ១៤ភូមិ ១សង្កាត់, ស្រុកសាមគ្គីមុនីជ័យ ចំនួន ៦ ៣៩៥បណ្ណ ស្មើនឹង ១២ភូមិ ២ឃុំ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំតម្រង់ទិសរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាក់ស្តែងការប្រកាសបញ្ចប់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នាពេលនេះ។
ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ក៏ដូចជារដ្ឋបាលខេត្តក្រុងស្រុកនៃខេត្តកំពង់ស្ពឺ ដែលបានចូលរួមសហការអនុវត្តការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា សមិទ្ធផលជាក់ស្តែងនាថ្ងៃនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋ ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងកន្លងមកថា ការវាស់វែង និងចុះបញ្ជីដីធ្លី នឹងអាចជួយបញ្ចប់វិវាទដីធ្លីរវាងរដ្ឋ និងឯកជន និងរវាងឯកជន និងឯកជន ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការរស់របស់ពលរដ្ឋប្រកបដោយសុខុដុមរមនា ដោយគ្មានបញ្ហានឹងគ្នា ឬទាស់ទែងគ្នា។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់។ ដូច្នេះសូមជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់ ជាពិសេសនោះគឺការបន្តសកម្មភាពរៀបចំចុះបញ្ជីដីធ្លីឱ្យបានរួចរាល់ ប្រកបដោយប្រសិទ្ធភាព និងសុក្រឹត្យភាព។
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្តថា កន្លងទៅថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារដែលត្រូវធ្វើបន្តត្រូវបែងចែកជាពីរ គឺការងារចំពោះមុខ និងការងាររយៈពេលវែង។ ការងារចំពោះមុខត្រូវបញ្ចប់ការងារនេះដោយប្រសិទ្ធភាព និងសុក្រឹត្យភាព តាមរយៈការចុះបញ្ជីដីឱ្យបានត្រឹមត្រូវ ហើយត្រូវចុះបញ្ជីជាប្រព័ន្ធតែម្តង៕
