ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រសួង ស្ថាប័នផ្សេងទៀត សិក្សាធ្វើការកែលម្អ និងរៀបចំក្រុងឱ្យបានល្អប្រសើរ មានរបៀបរៀបរយ ក្នុងគោលដៅរួមគ្នាធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាឱ្យក្លាយជារដ្ឋទំនើប ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារកែលម្អ និងរៀបចំក្រុង ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងអំពីកិច្ចការជាច្រើនដែលក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតត្រូវរួមគ្នាអនុវត្តជាមួយក្រុមការងារជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកែលម្អ និងរៀបចំក្រុង កសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឱ្យកាន់តែល្អប្រសើរ មានសោភ័ណភាព មានភាពទាក់ទាញ សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចរឹងមាំយូរអង្វែងសម្រាប់សង្គមជាតិកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកកិច្ចការអាទិភាពទីមួយរួមមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិ និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជារយៈពេលយូរអង្វែង ។
ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ៖
«អ្វីដែលយើងទាំងអស់គ្នាខិតខំប្រឹងប្រែងរៀបចំកែលម្អទាំងអស់នេះគឺក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០៥០ ដោយប្រែក្លាយកម្ពុជាពីគំនរផេះផង់នៃសង្គ្រាមមកទទួលបានសន្តិភាពក្នុងសម័យសម្ដេចតេជោ ហ៊ុន សែន និងបន្តមកដល់សម័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាសម័យទំនើបកម្មកម្ពុជា ។ ក្រសួងដែនដី នឹងជំរុញការរៀបចំទីក្រុងឱ្យបានល្អប្រសើរ ដោយមានរៀបចំផ្លូវដើរនៅទីក្រុង ដើម្បីជំរុញពលរដ្ឋនៅទីក្រុងដើរឱ្យបានច្រើន ព្រោះការដើរបានច្រើននឹងជួយឱ្យពលរដ្ឋកាត់បន្ថយស្ត្រេស និងទទួលបានសុខភាពល្អ កាត់បន្ថយជំងឺមិនឆ្លងនានា»។
ឯកឧត្តមក៏បានផ្ដួចផ្ដើមគំនិតក្នុងការកសាងផ្លូវជិះកង់តាមតំបន់ឆ្នេរ ដោយចាប់ផ្ដើមពីខេត្តកែប ដល់ខេត្តកោះកុង កាត់តាមខេត្តកំពត និងខេត្តព្រះសីហនុ ។ ការកសាងផ្លូវជិះកង់នេះ នឹងអាចទាក់ភ្ញៀវទេសចរបរទេសទៅកាន់តំបន់ឆ្នេរបានបន្ថែមទៀតផង ស្របនឹងរាជរដ្ឋាភិបាលក៏បានជ្រើសរើសយកតំបន់ឆ្នេរជាគោលដៅនៃការអភិវឌ្ឍផងដែរ ។
សម្រាប់គម្រោងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ជាដំបូង នឹងជ្រើសរើសយកក្រុងចំនួន២ ដើម្បីរៀបចំ គឺរាជធានីភ្នំពេញ និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៕

