ព្រះសីហនុ ៖ ​ក្នុងឆ្នាំ២០២៥ នេះ បណ្ដាខេត្ត​មួយចំនួន​បាន​បញ្ចប់​ និង​គ្រោង​បញ្ចប់ការ​វាស់វែង​ដីធ្លីលក្ខណៈជាប្រព័ន្ធជា​បន្តបន្ទាប់​ និងឈានដល់​ដំណាក់​កាល​ចុះបញ្ជី​ និងចេញ​បណ្ណ​ជូនប្រជាពលរដ្ឋដើម្បីបញ្ចប់ភាពប្រឈម និងទំនាស់ដីធ្លី ហើយដោយឡែក ​សម្រាប់ខេត្តព្រះសីហនុ ដែលជា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា ក៏​ត្រូវបានប្រកាស​ជា​ខេត្តទី៥ ដែលបានបញ្ចប់ការ​វាស់វែង​ដីធ្លីផងដែរ ។​ ការ​បញ្ចប់​ការ​វាស់​វែងដីធ្លី​​នៅក្នុង​ខេត្ត​នេះ ត្រូវបានអ្នកជំនាញមើលឃើញថា នឹងអាច​ទាក់ទាញ​វិនិយោគិនឱ្យ​ចូលមបណ្ដាក់ទុន​វិនិយោគ​បន្ថែមទៀតយ៉ាងប្រាកដ។

ថ្លែង​នៅក្នុង​ពិធី​សំណេះ​សំណាល​ជាមួយមន្ត្រីរាជការ កម្មករ និយោជិត​ កំពង់ផែ​ក្រុងព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​០​១ ខែឧសភា ឆ្នាំ២០២៥ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ​បាន​អប​អ​រ​សាទរ​ដល់ខេត្ត​មួយនេះ ដែលបានបញ្ចប់​ការ​វាស់វែង​ដីធ្លី និងចុះបញ្ជី​ក្បាលដី​ ខណៈការ​បញ្ចប់ការ​វាស់វែង​នេះ នឹងអាច​កាត់បន្ថយ​ ហើយឈានដល់ការ​បញ្ចប់​បញ្ហា​ទំនាស់ និងវិវាទដីធ្លី ជាពិសេស​អាចទាក់ទាញ​វិនិ​យោគិ​ន​មក​បណ្ដាក់ទុនវិនិយោគ​បន្ថែមក្នុង​ខេត្តព្រះសីហនុ​ទៀតផង ​។


សម្ដេច​ធិបតីបានបន្តមានប្រសាសន៍ថា ៖

«នៅក្នុង​ខេត្តព្រះសីហនុ កាលពី​ដីមិនទាន់ត្រូវ​ប៉ាន់ ឬមិនទាន់មានតម្លៃ​ យើងឃើញថា​មិនមានទំនាស់ដីធ្លីទេ ប៉ុន្តែ​នៅពេលដីធ្លី​ត្រូវប៉ាន់ ទំនាស់​ដីធ្លី​ក៏កើនឡើង​ ។ នៅពេល​យើង​បានវាស់វែង​ និង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ទំនាស់​ដីធ្លី​ក៏បាន​កាត់​បន្ថយ​បន្តិច​ម្ដងៗ ។​​ ការ​ដោះស្រាយ​ផលប៉ះពាល់ ​​និ​ងវិវាទដីធ្លីនេះ នឹងជួយ​ឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​កម្មសិទិ្ធដីធ្លី​កាន់តែច្បាស់លាស់​ លែង​មានទំនាស់​តកូនចៅ​ជាមួយអ្នកជិតខាង និងបានលើកទឹកចិត្ត​ដល់ការ​វិនិយោគ ដោយសារតែ​បញ្ហា​ដីធ្លី​លែងកើតមាន​តទៅទៀត ។ ដូច្នេះ​អ្នក​វិនិយោគ នឹង​បណ្ដាក់ទុនវិនិយោគ​ដោយលែង​ខ្វល់ជាមួយ​នឹង​បញ្ហា​ដីធ្លី ។ ទាំងអស់​នេះ នឹង​ទាក់ទាញ​បានការ​វិនិយោគមកកាន់ប្រទេស​កម្ពុជា ក្នុងនោះ​ខេត្តព្រះសីហនុ​តែម្ដង​ដែលជាខេត្ត​មានសក្ដានុពល​ខ្ពស់​មួយ​នៅកម្ពុជា»។​

សូមបញ្ជាក់ដែរថា នៅរសៀល​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០២៥ ​ដដែលនេះ ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ ក៏បាន​អញ្ជើញជាអធិបតីក្នុងពិធី​ចែកវិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់​អចលនវត្ថុ​ចំនួន ៥ ២៥០បណ្ណ ជូន​ពលរដ្ឋ​ក្នុង​ខេត្តព្រះសីហនុ ហើយឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ដែលទទួល​បាន​បណ្ណ​នេះ ​សូម​ថែរក្សា​ និង​ប្រើ​ប្រាស់​បណ្ណ​ឱ្យបានត្រឹមត្រូវ​ ដែលជា​ទ្រព្យ​សម្បត្តិធ្វើឱ្យ​បងប្អូន​រីក​ចម្រើនក្នុង​ជីវិត​ និ​ងបន្សល់​ទុក​ជា​មរតក​បន្តជំនាន់ ។​


គួររំលឹកដែរថា ក្នុងរយៈពេល​៣ខែ​ ដើមឆ្នាំ២០២៥ ខេត្តព្រះសីហនុ​ទទួលបានគម្រោង​វិនិយោគ​ប្រមាណ ៥៦គម្រោង​ ហើយរាជរដ្ឋាភិបាល​ក៏បាន និងកំពុងជំរុញ​ លើកទឹកចិត្ត​ដល់​វិនិយោគិន​ចូលមក​បណ្ដាក់ទុនវិនិយោគ​ក្នុង​ខេត្ត​មួយនេះបន្ថែមទៀត ដែលក្នុងនោះ រដ្ឋាភិបាលបានបន្តសុពល​ភាពកម្មវិធីពិសេស​ជំរុញ​ការ​វិនិយោគខេត្ត​ព្រះសីហនុ រហូត​ដល់ដំណាច់ឆ្នាំ២០២៥ និង​​លើកទឹកចិត្ត​ចំពោះ​ពន្ធលើអចលនទ្រព្យ​រហូតដល់ដំណាច់ឆ្នាំ២០២៨ ៕