ភ្នំពេញ ៖ កំណើននៃការអភិវឌ្ឍអគារការិយាល័យនៅក្នុរាជធានីភ្នំពេញបានកើនឡើងជាបន្តបន្ទាប់ស្របជាមួយនឹងកំណើននៃតម្រូវការក៏មានការកើនឡើងខ្ពស់ដូចគ្នា ។ ដោយឡែកនៅក្នុងឆ្នាំ២០២៥នេះ ការផ្គត់ផ្គង់អគារការិយាល័យនៅក្នុងរាជធានីភ្នំពេញរំពឹងកើនឡើងដល់១,៤លានម៉ែត្រការ៉េ ខណៈតម្លៃនៅប្រហាក់ប្រហែលនឹងឆ្នាំមុនៗដែរ ។
យោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាយសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ នេះ បានបង្ហាញឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ការផ្គត់ផ្គង់អគារការិយាល័យនៅក្នុងរាជធានីភ្នំពេញ មានប្រមាណជាង១លាន ១០ម៉ឺនមែត្រការ៉េ ហើយរំពឹងថា នៅដំណាច់ឆ្នាំ២០២៥ អគារការិយាល័យអាចនឹងកើនឡើងដល់ ១,៣៨លានម៉ែត្រការ៉េ ។

ក្នុងរបាយការណ៍បានបង្ហាញថា ក្នុងចំណោមអគារការិយាល័យទាំងអស់ឃើញថា អគារការិយាល័យប្រភេទបំពេញបន្ថែមមានច្រើនជាងគេបន្ទាប់ មកអគារិយាល័យកម្រិតC កម្រិត B ហើយប្រភរទកម្រិតA មានចំនួនតិចជាងគេ ។ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥នេះ ការផ្គត់ផ្គង់ការិយាល័យនៅក្នុងរាជធានីភ្នំពេញសម្រេចប្រមាណ៦ភាគរយបន្ថែមទៀត ។
សម្រាប់តម្លៃនៃការជួលការិយាល័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយឃើញថាមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ដោយអគារការិយាល័យកម្រិតA មានតម្លៃប្រមាណជិត២៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងមិនមានការប្រែប្រួលទេធៀបនឹងឆ្នាំមុន ។ សម្រាប់អគារការិយាល័យកម្រិតB ឃើញថាមានតម្លៃប្រមាណ២០ដុល្លារទៅ២២ដុល្លារអាមេរិកក្នុងមួយម៉ែត្រ និងកម្រិត C មានតម្លៃប្រមាណចន្លោះពី១០ទៅ១៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យបានបង្ហាញទស្សនស្រដៀងគ្នាថា ក្រុមហ៊ុន និងសហគ្រាសដែលទើបបង្កើតថ្មីៗនៅក្នុងប្រទេសកម្ពុជា ភាគច្រើនពួកគាត់ស្វែងការិយាល័យក្រុមហ៊ុនដែលមានស្តង់ដារត្រឹមត្រូវ ។ កាលពីមុន ម្ចាស់ក្រុមហ៊ុន ឬសហគ្រិនដែលមានតម្រូវការជួលអគារធ្វើការិយាល័យក្រុមហ៊ុន ភាគច្រើនយកផ្ទះល្វែង ឬផ្ទះវីឡា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ ពោលគឺប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ពួកគាត់បានផ្លាស់ប្តូរផ្នត់គំនិតឈប់យកផ្ទះល្វែង ឬផ្ទះវីឡាធ្វើជាការិយាល័យទៀតហើយ ។
សូមជម្រាប់ដែរថា អគារការិយាល័យដែលមានតម្រូវការខ្ពស់ជាងនៅក្នុងរាជធានីភ្នំពេញត្រូវបានគេកត់សម្គាល់ឃើញថា ភាគច្រើនគឺកម្រិតB និងកម្រិតC ព្រោះប្រភេទទាំងនេះវាមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុនដែលទើបបើកថ្មីៗ ដោយឡែកកម្រិតA ភាគច្រើនសម្រាប់ក្រុមហ៊ុនធំៗ ក្រុមហ៊ុនអន្តរជាតិ ឬតំណាងអង្គការ ស្ថាប័នអន្តរជាតិធំៗ ៕
