ភ្នំពេញ ៖ ការផ្គត់ផ្គង់សណ្ឋាគារកម្រិតផ្កាយ៤ និងផ្កាយ៥ នៅក្នុងរាជធានីភ្នំពេញ ក្នុងយរៈពេល៥ឆ្នាំចុងក្រោយនេះ មានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២០ សណ្ឋាគារផ្កាយ៤ និងផ្កាយ៥ ក្នុងរាជធានីភ្នំពេញ មានចំនួនមិនដល់ ១ម៉ឺនបន្ទប់ផង ប៉ុន្តែ និងបានបន្តកើនឡើងរហូតជិតដល់ជាង ១ម៉ឺន ៥ពាន់បន្ទប់នៅក្នុងឆ្នាំ២០២៥នេះ ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ ។
បើតាមរបាយការណ៍ដដែលនេះឱ្យដឹងថា ក្នុងចំណោមបន្ទប់សណ្ឋាគារដែលកំពុងផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំពេញ ឃើញថា កម្រិតផ្កាយ៤ មានចំនួនច្រើនជាងសណ្ឋាគារលំដាប់ផ្កាយ៥ ប៉ុន្តែក្នុងឆ្នាំ២០២៥នេះការផ្គត់ផ្គង់សណ្ឋាគារលំដាប់ផ្កាយ៥ នឹងមានកំណើនខ្ពស់ជាងផ្កាយ៤ ដោយផ្កាយ៥ រំពឹងកើនឡើង ១១,៣ភាគរយ ខណៈលំដាប់ផ្កាយ៤ មានការកើនឡើងប្រមាណ ២,៤ភាគរយ ។
សម្រាប់តម្លៃនៃការស្នាក់នៅក្នុងបន្ទប់សណ្ឋាគារវិញក៏ឃើញថា លំដាប់ផ្កាយ៤ មានតម្លៃប្រមាណជាង១០០ដុល្លារអាមេរិកក្នុងមួយយប់ ហើយតម្លៃនេះមិនមានការប្រែប្រួលទេក្នុងរយៈពេលប្រមាណ ២ ឬ ៣ឆ្នាំចុងក្រោយនេះ ។ ដោយឡែកសម្រាប់សណ្ឋាគារលំដាប់ផ្កាយ៥ មានតម្លៃចន្លោះពី៣០០ដុល្លារ ទៅ ៣៥០ដុល្លារអាមេរិកក្នុងមួយយប់ និងមានការប្រែប្រួលតិចតួច ។
លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលប្រមាណ ២ ឬ ៣ ឆ្នាំចុងក្រោយនេះ ឃើញថា ការសាងសង់សណ្ឋាគារនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា មានការកើនឡើងច្រើន ទាំងសណ្ឋាគារថ្មីៗ និងសណ្ឋាគារដែលជាបណ្ដាញមកពីក្រៅប្រទេស ។

លោកបន្តថា ៖
«តម្រូវការបន្ទប់ស្នាក់នៅរបស់ភ្ញៀវទេសចរទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តសក្ដានុពលទេសចរណ៍មួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងមួយខែៗ មានសណ្ឋាគារអាចទទួលបានការកក់បន្ទប់ស្នាក់នៅ៧០ភាគរយ ៨០ភាគរយ ឬក៏៩០ភាគដោយ ដោយកម្រមានភ្ញៀវស្នាក់នៅពេញៗណាស់ ប៉ុន្តែមានសណ្ឋាគារល្បីៗអាចមានត្រឹម២ ឬ ៣យប់ប៉ុណ្ណោះ ដែលមានភ្ញៀវស្នាក់នៅពេញ »។
លោក ហូរ វណ្ឌី បានមើលឃើញថា ការសាងសង់សណ្ឋគារថ្មីៗនៅតាមតំបន់ទេសចរណ៍គួរតែពិនិត្យទៅលើនិន្នាការភ្ញៀវទេសចរ ដូចជា នៅខេត្តព្រះសីហនុ សំបូរភ្ញៀវចិន ហើយតំបន់នេះក៏ផ្ដោតលើកាស៊ីណូ ដូច្នេះ ការសាងសង់សណ្ឋាគារ ក៏ត្រូវមើលពីនិន្នាការភ្ញៀវដែរ ។
