ភ្នំពេញ ៖ ការផ្គត់ផ្គង់​សណ្ឋាគារ​កម្រិតផ្កាយ​៤ និង​ផ្កាយ៥ នៅក្នុងរាជធានីភ្នំពេញ ក្នុងយរៈពេល​៥​ឆ្នាំ​ចុង​ក្រោ​យ​​នេះ មានការកើនឡើង​ជា​បន្តបន្ទាប់​ ជាក់​ស្ដែងនៅក្នុងឆ្នាំ២០២០ សណ្ឋាគារផ្កាយ​៤ និងផ្កាយ៥ ក្នុង​រាជ​ធា​នី​ភ្នំពេញ មានចំនួនមិនដល់ ១ម៉ឺន​បន្ទប់ផង ប៉ុន្តែ និងបានបន្តកើនឡើងរហូតជិតដល់​​​ជា​ង ១ម៉ឺន ​៥ពាន់​បន្ទប់នៅក្នុងឆ្នាំ២០២៥នេះ ។ នេះបើតាមរបាយការណ៍របស់​ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយ​សម្រាប់​ត្រី​មាសទី១ ឆ្នាំ២០២៥ ។​

បើតាមរបាយការណ៍ដដែល​នេះ​ឱ្យដឹងថា ក្នុង​ចំណោម​បន្ទប់សណ្ឋាគារ​ដែល​កំពុង​ផ្គត់ផ្គង់​នៅ​ក្នុង​រាជ​ធា​នី​ភ្នំពេ​ញ ឃើញថា កម្រិត​ផ្កាយ​៤ មានចំនួន​ច្រើន​ជាង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ប៉ុន្តែ​ក្នុងឆ្នាំ២០២៥នេះ​ការ​ផ្គត់​ផ្គង់​សណ្ឋាគារលំដាប់​ផ្កាយ​៥ នឹង​មានកំណើន​ខ្ពស់ជាង​ផ្កាយ៤ ដោយផ្កាយ៥ រំពឹង​កើនឡើង ​១១,៣​ភាគរយ ខ​ណៈ​លំដាប់​ផ្កាយ៤ មានការកើនឡើ​ង​ប្រមាណ​ ២,៤ភាគរយ ។


សម្រាប់តម្លៃ​នៃការ​ស្នាក់​នៅក្នុង​បន្ទប់សណ្ឋាគារ​វិញក៏ឃើញថា លំដាប់ផ្កាយ​៤ មានតម្លៃប្រមាណជាង​១០០​ដុល្លារ​អាមេរិកក្នុងមួយយប់ ហើយតម្លៃនេះ​មិនមានកា​រប្រែប្រួលទេក្នុង​រយៈពេល​ប្រមាណ ២ ឬ ៣​ឆ្នាំ​ចុងក្រោ​យ​​​នេះ​ ។ ដោយឡែក​សម្រាប់សណ្ឋាគារ​​លំដាប់​ផ្កាយ៥ មាន​តម្លៃចន្លោះពី​៣០០ដុល្លារ ទៅ ​៣៥០​ដុល្លា​​រ​អា​មេ​រិក​ក្នុងមួយយប់​ និងមានការ​ប្រែប្រួល​តិចតួច ។

លោក ​ហូ វណ្ឌី​ ប្រធានក្រុមប្រឹក្សា​សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ក្នុង​រយៈ​ពេល​ប្រ​មា​ណ​ ២ ឬ ៣ ឆ្នាំចុងក្រោយនេះ ឃើញថា ​ការ​សាងសង់​សណ្ឋាគារ​នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ត​នានា ​មានការកើនឡើង​ច្រើន​ ទាំងសណ្ឋាគារ​ថ្មីៗ​ និង​សណ្ឋាគារ​ដែលជា​បណ្ដាញ​មកពីក្រៅប្រទេស ។​

 

 

លោកបន្តថា ៖

«តម្រូវការ​បន្ទប់​ស្នាក់​នៅរបស់ភ្ញៀវទេសចរ​​ទាំង​នៅរាជធានីភ្នំពេញ និង​បណ្ដាខេត្ត​សក្ដានុ​ពល​ទេសចរណ៍​មួយចំនួនក្នុង​ប្រទេស​កម្ពុជា ក្នុងមួយខែៗ ​មានសណ្ឋាគារ​អាច​ទទួល​បានការ​កក់​បន្ទប់​ស្នាក់​នៅ​៧០ភាគរយ ៨០​ភាគរយ ឬក៏៩០​ភាគដោយ ដោយកម្រ​មាន​ភ្ញៀវស្នាក់នៅពេញៗណាស់ ប៉ុន្តែ​​មាន​សណ្ឋា​គា​រ​​ល្បី​ៗអាច​មានត្រឹម២ ឬ ៣យប់​ប៉ុណ្ណោះ ដែលមានភ្ញៀវស្នាក់នៅពេញ »។

លោក​ ហូរ វណ្ឌី​ បានមើលឃើញថា ​ការ​សាងសង់​សណ្ឋគារ​ថ្មីៗ​នៅតាមតំបន់ទេសចរណ៍គួរតែ​ពិនិត្យទៅលើ​និន្នា​ការ​ភ្ញៀវទេសចរ​ ដូចជា​ នៅខេត្តព្រះសីហនុ សំបូរ​ភ្ញៀវចិន ហើយតំបន់​នេះក៏ផ្ដោតលើ​កាស៊ីណូ ដូច្នេះ ការ​សាងសង់​សណ្ឋាគារ​ ក៏ត្រូវ​មើលពីនិន្នាការ​ភ្ញៀវ​ដែរ ​។