មណ្ឌលគិរី៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី បានបើកការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់ «រ៉ែមាស» នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១មក ជាមួយនឹងដើមទុនវិនិយោគ ១២០លានដុល្លារ។ គិតត្រឹមត្រីមាសដំបូង ឆ្នាំ២០២៥ Renaissance Minerals (Cambodia) Limited បានផលិតមាសរហូតដល់ ១៣ ៧២០.៩ គីឡូក្រាម។ នេះជាការលើកឡើងរបស់លោក Bernie Cleary នាយកគ្រប់គ្រងនៃក្រុមហ៊ុន Renaissance Minerals (Cambodia ) Limited ។


លោកបានមានប្រសាសន៍ទៀតថា ៖ គម្រោងទាញយករ៉ែមាសនៅតំបន់អូរខ្វាវរបស់ក្រុមហ៊ុន មានផ្ទៃប្រមាណជាង ១ពាន់ហិកតា និងកំពុងប្រើប្រាស់បុគ្គលិករាប់រាយនាក់។ បច្ចុប្បន្ន ការដ្ឋាននេះ មានបុគ្គលិកសរុប ៧៥០នាក់ ក្នុងនោះមានខ្មែរ ៦៥៩នាក់។ ចំពោះបុគ្គលិកប្រចាំនៅការដ្ឋាន មានចំនួន៥៥០នាក់ ក្នុងនោះមានបុគ្គលិកជាស្រ្តីចំនួន៦០នាក់។ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់«រ៉ែមាស»របស់ក្រុមហ៊ុននេះ គឺជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា។ ដោយឡែក ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ក៏កំពុងសិក្សាពីលទ្ធភាពក្នុងការរុករករ៉ែមាស នៅក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ។


លោក ​គង់ ស៊ីថា អគ្គ​នាយករង​នៃ​អគ្គនាយកដ្ឋានធនធានរ៉ែ​ នៃ​ក្រសួងរ៉ែ​ និងថាមពល បានឱ្យដឹងថា មុន​ទាញ​យក ​និងផលិត​រ៉ែ​មាស​នៅ​ក្នុង​តំបន់​អូរខ្វាវ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគីរី​ ក្រុមហ៊ុន​ Renaissance Minerals (Cambodia) Limited របស់អូស្ត្រាលី​បានចំណាយពេល​សិក្សា​​អស់​ជិត​១៥​ឆ្នាំ ហើយ​នៅ​មុនពេល​ក្រុមហ៊ុន​ទទួល​បាន​លទ្ធផល​ដូច​សព្វ​ថ្ងៃនេះ វិស័យរ៉ែមាស​មានបញ្ហា​ប្រឈមមួយ​ចំនួន ។​

លោក​បន្តថា​ ក្នុងឆ្នាំ២០២៤​កន្លងទៅ​ ​រដ្ឋ​បានប្រមូល​ចំណូលមិនមែន​សារពើពន្ធ​ពីវិស័យ​រ៉ែ​​បានប្រមាណ​៩០​លានដុល្លារអាមេរិក​ ដោយឡែក​សម្រាប់​ក្រុមហ៊ុន​ Renaissance ដែលជា​ក្រុមហ៊ុន​កំពុងទាញយក​និង​ចម្រា​ញ់​​​រ៉ែមាស​នៅ​ខេត្តមណ្ឌលគិរី រដ្ឋ​ទទួល​ចំណូលមិនមែន​សារពើពន្ធបានប្រមាណ៥០លានដុល្លារ​អាមេរិក ។

លោ​ក​​ថា ៖

« ចំណូល​ដែលក្រសួ​ងប្រមូល​បាន​នេះ បើធៀបនឹង​ចំណូល​ថ្នាក់ជាតិទាំងមូល​គឺ​នៅមានចំនួន​តិចតួ​ច​នៅ​ឡើយ ប៉ុន្តែអ្វីដែល​រដ្ឋ​ទទួលបានមកវិញនោះ គឺការ​ផ្ដល់ការងារ​ជូន​ប្រជាពលរដ្ឋ​ រាប់ចាប់តាំងពី​ចុងភៅ​ អ្នកដាំដំណាំ ផ្លែឈើ អ្នកចិញ្ចឹមសត្វ ព្រោះថា ​ការងាររ៉ែ​នេះ មិនមែនផ្ដល់ការងារ​សម្រាប់តែបុគ្គ​លិក​ក្នុង​វិស័យ​រ៉ែ​​មួយនោះទេ ពោលគឺផ្ដល់ការងារ​ជាច្រើនទៀត » ។​

លោក ​នូ ផល្លា នាយក​ផ្នែក​រដ្ឋ​បាលនៃ​ក្រុមហ៊ុន​នៃ​ក្រុមហ៊ុន Renaissance Minerals បាន​មានប្រសា​សន៍​ថា រាល់​បុគ្គលិកមុនចូល​បម្រើការងារ​ទាំង​មានជំនាញ​ និងមិនមានជំនាញ​ត្រូវ​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ពីសំណាក់​ក្រុមហ៊ុនជាមុន​សិន ដើម្បីឱ្យប្រាកដថា​បុគ្គលិកពិតជាអាច​បម្រើការងារ​បានយ៉ាង​ល្អ និងមានប្រសិទ្ធភាព ៕