ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.)  បានសម្រេចយកទំរង់ទី០២ ដែលជាមធ្យោបាយ    អនញ្ញាតអោយក្រុមហ៊ុនវាយតម្លៃទាំងអស់ ផ្តល់ប្រឹក្សាយោបល់នូវតម្លៃប្រហាក់ប្រហែល ក្នុងការផ្តល់សេវាកម្ម ជូនអតិថិជន។ ការសម្រេចនេះធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា គ.ស. ២០២៥  ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនៃន.អ.ប. ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង លោក ប្រធាននាយកដ្ឋាន គ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ដ និងមន្រ្តីជំនាញនៃ ន.អ.ប និង ឧកញ្ញ៉ា ស៊ន សៀប ប្រធានសមាគម, សមាជិកសមាគមអ្នកវាយ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងតំណាងក្រុមហ៊ុនប្រតិបត្តិករប្រកបសេវាកម្មវាយតម្លៃ។

តាមស្មារតីនៃកិច្ចប្រជុំនេះ ប្រធានសមាគម ថ្នាក់ដឹកនាំ និងក្រុមហ៊ុនសមាជិករបស់សមាគមមួយចំនួនស្នើអោយសមាជិកសមាគមរួមសាមគ្គី រូបរួមគ្នាតែមួយ ដើម្បីជាកម្លាំងតស៊ូមតិ ជាមួយស្ថាប័នពាក់ព័ន្ធ នឹងវិជ្ជាជីវៈវាយតម្លៃរបស់យើងទាំងអស់គ្នា។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនខេអេហ្វអេ បានស្នើអោយសមាជិករបស់សមាគម (CVEA) តម្លើងថ្លៃ សមាជិកភាពរបស់សមាគមនូវទឹកប្រាក់មួយលានរៀលឡើងវិញ ក្រោយពីសមាគមបានបញ្ចុះតម្លៃសមាជិក តាំងពីអាណត្តិទី០៥ រហូតដល់អាណត្តិទី០៩ នាពេលបច្ចុប្បន្ននេះ។ តាមសាវតា នៃការបង់ថ្លៃសមាជិកភាពមុនអាណត្តិទី០៥ គឺសមាគមមានគោលការណ៍ ស្នើអោយសមាជិកបង់ថ្លៃសមាជិកភាពនូវទឹកប្រាក់ចំនួន 300$ ក្នុងមួយឆ្នាំ។  មូលហេតុដែលស្នើអោយសមាជិក តម្លើងថ្លៃសមាជិកភាពនេះ គឺក្នុងគោលបំណង ដើម្បីអោយសមាគមមានប្រាក់គ្រប់គ្រាន់ ក្នុងការប្រតិបត្តិសកម្មភាពការងារផ្នែករដ្ឋបាលបម្រើការជូនសមាជិក។ តាមសំណើរខាងលើសមាជិកក្រុមហ៊ុនវាយតម្លៃរបស់សមាគមបានឯកភាពលើសំណើរនេះ។

សូមរំលឹកផងដែរថា៖ កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅ ន.អ.ប បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីអោយសមាជិកសមាគមទាំងអស់បានជួបជុំគ្នា និងរកដំណោះស្រាយសមស្របណាមួយដែលអាចទទួលយកបាន ក្នុងនោះដែរសមាជិកសមាគម រួមទាំងក្រុមហ៊ុនវាយតម្លៃដែលមិនមែនជាសមាជិកសមាគម បានជ្រើសរើសនូវមធ្យោបាយ៤ទម្រង់ ដាក់ជូន ន.អ.ប ដើម្បីបោះឆ្នោតជ្រើសរើសមធ្យោបាយណាមួយដែលសមស្របជាងគេ។

នៅក្រោយបញ្ចប់នៃការបោះឆ្នោតសមាជិកសមាគម និងមិនមែនជាសមាជិកសមាគម នៃអង្គប្រជុំទាំងអស់បានបោះឆ្នោតជ្រើសរើស យកទម្រង់ទី០២ និងទី០៤ ដាក់ជូន ន.អ.ប សម្រាប់ផ្តល់ការប្រឹក្សាយោបល់នូវតម្លៃប្រហាក់ប្រហែល ក្នុងការផ្តល់សេវាកម្ម ជូនអតិថិជន ដែល៖

-ទម្រង់ទី០១ ទទួលបានការគាំទ្រចំនួន ៧ សំឡេង

-ទម្រង់ទី០២ ទទួលបានការគាំទ្រចំនួន ១០ សំឡេង

-ទម្រង់ទី០៣ ទទួលបានការគាំទ្រចំនួន ៨ សំឡេង

-និងទម្រង់ទី០៤ ទទួលបានការគាំទ្រចំនួន ១១ សំឡេង ។

រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ សមាជិកសមាគមបានជ្រើសរើសយកទម្រង់ទី០២ និងទី០៤ ជាមធ្យោបាយ ដាក់ជូន ន.អ.ប ដើម្បីសម្រេចលើមធ្យោបាយណាមួយ ហើយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ន.អ.ប ក៏បានជ្រើសរើសយកទម្រង់ទី០២ ដែលជាមធ្យោបាយលើការប្រឹក្សាយោបល់ ផ្តល់ តម្លៃប្រហាក់ប្រហែលជូនអតិថិជន ជាផ្លូវការ ចាប់ពីថ្ងៃនេះតទៅ ។