បរទេស ៖ វិនិយោគិន និងអ្នកតាមដានទីផ្សារធូរស្រាលចិត្តបន្ទាប់ពីសហរដ្ឋអាម៉េរិក និងចិនយល់ព្រមកាត់បន្ថយពន្ធចំនួន ១១៥% រៀងៗខ្លួនទៅវិញទៅមករយៈពេល ៩០ ថ្ងៃ។ នេះមានន័យថា ពន្ធរបស់អាម៉េរិកលើការនាំចូលរបស់ចិននឹងធ្លាក់ចុះពី ១៤៥% មកត្រឹម ៣០% ខណៈដែលពន្ធរបស់ចិនលើទំនិញអាម៉េរិកនឹងធ្លាក់ចុះពី ១២៥% មកត្រឹម ១០%។ ទីផ្សារភាគហ៊ុននៅទូទាំងអាស៊ីបានកើនឡើងដូចជា ទីផ្សារភាគហ៊ុនជប៉ុន Nikkei កើនឡើង ២% ដោយឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ខណៈដែលទីផ្សារភាគហ៊ុនតៃវ៉ាន់ក៏បានកើនឡើង ២% ផងដែរ។ លើសពីនេះ ទីផ្សារភាគហ៊ុនសិង្ហបុរី Straits Times (STI) កើនឡើងច្រើនជាង ១,៥%។

មិនត្រឹមតែប៉ុណ្ណោះ ទីផ្សារភាគហ៊ុនអាម៉េរិកដូចជា S&P 500 កើនឡើងជិត ៣,៣%, Nasdaq កើនឡើង ៤,៣%, និង Dow Jones Industrial Average កើនឡើង ២,៨%។ លើសពីនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Nvidia, Amazon, Apple, និង Tesla ក៏បានកើនឡើងផងដែរ។ លើសពីនេះ តម្លៃប្រាក់ដុល្លារអាម៉េរិកបានកើនឡើងធៀបនឹងប្រាក់យ៉េន ប្រាក់អឺរ៉ូ និងហ្វ្រង់ស្វ៊ីសភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានប្រកាស។
យ៉ាងណាមិញ អ្នកវិភាគនៅតែប្រយ័ត្នប្រយែងចំពោះការព្យាករណ៍ស្ថានភាពរវាងមហាអំណាចទាំងពីរ ដោយសារភាពមិនប្រាកដប្រជាដែលបង្កឡើងដោយពន្ធដែលនៅតែមាន។ សេដ្ឋវិទូម្នាក់លើកឡើងថា ភាពមិនប្រាកដប្រជានៅតែជៀសមិនរួចទោះបីជាពន្ធត្រូវបានកាត់បន្ថយក៏ពិតមែន ប៉ុន្តែពន្ធអាម៉េរិក ៣០% លើទំនិញចិននៅតែអត្រាមានកម្រិតខ្ពស់ ដែលមានលទ្ធភាពប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិក។
