ភ្នំពេញ ៖ ដូចទៅនឹងការគ្រោងទុករបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមបណ្ដាខេត្តមួយចំនួនចាប់ផ្ដើមប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងចាប់ផ្ដើមចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។ ជាក់ស្ដែង រហូតមកដល់ពេលនេះ បណ្ដាខេត្តប្រមាណជាង១០ហើយបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ។
ការបញ្ចប់ការវាស់វែងដីធ្លីនាពេលនេះ គឺជាការគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់ទំនាស់ដែលកើតឡើងរ៉ាំរ៉ៃនាពេលកន្លងមករវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ និងអាចបញ្ចប់ការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិពីសំណាក់ជនខិលខូចផងដែរ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរចំពោះសកម្មភាពក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលធ្វើកិច្ចការងារនេះបានលឿន រហ័ស ដោយបានប្រកាសខេត្តជាច្រើនជាបន្តបន្ទាប់ជាខេត្តបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានចាប់ផ្ដើមចែកបណ្ណជូនពលរដ្ឋជាបន្តបន្ទាប់ផងដែរ ។
សម្ដេចបានបញ្ជាក់ថា ទំនាស់ដីធ្លីបានកើតឡើងនៅពេលដែលចាប់ផ្ដើមឡើងថ្លៃ ចាប់ផ្ដើមត្រូវប៉ាន់ ហើយការបញ្ចប់ការវាស់វែង ចុះបញ្ជីក្បាលដីនិងចេញបណ្ណជូនពលរដ្ឋនឹងលែងមានទៀតហើយនូវការដណ្ដើមយកដីរបស់អ្នកដទៃមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងផងដែរថា ការបញ្ចប់ការវាស់វែងដីធ្លីនាឱកាសនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ហើយការបញ្ចប់ការវាស់វែង ការចុះបញ្ជីក្បាលដីនេះ គឺមិនចង់ឃើញពលរដ្ឋខ្មែរបើកភ្នែកឡើងត្រូវឈ្លោះគ្នារឿងព្រំដីនោះដែរ ។
ឯកឧត្តមក៏បានផ្ដាំផ្ញើ និងអំពាវនាវឱ្យពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ សូមថែរក្សាបណ្ណនេះឱ្យបានល្អ និងប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ៕
