ពោធិ៍សាត់ ៖​ ស្ពានខ្ពស់ជាង​គេនៅកម្ពុជា ដែលស្ថិតនៅ​តាមបណ្ដោយផ្លូវ​ជាតិលេខ១០​ ក្នុង​ស្រុកវាលវែង ខេត្ត​ពោ​ធិ៍​សាត់ ត្រូវ​បាន​ប្រកាស​ឱ្យ​ពលរដ្ឋឆ្លងកាត់​ជា​អចិន្ត្រៃយ៍ហើយ ។ នេះ​បើតាម​ការ​បញ្ជាក់​ពីក្រសួង​សាធារណ​ និង​ដឹកជញ្ជូន នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

យោងតាម​ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រោយ​ពេល​ស្ពាន​ខ្ពស់ជាង​គេ​មួយនេះបានសម្រេចការ​សាង​សង់​ ១០០​ភាគរយទាំងស្រុង ក្រសួង​ក៏បាន​សម្រេច​បើកឱ្យ​ពលរដ្ឋ​ឆ្លងកាត់​ជាអចិន្ត្រៃយ៍ហើយ ។

ក្រសួងបាន​បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនា​កម្សា​ន្ត​ជា​មួយ​ទិដ្ឋ​ភា​ពស្ពា​ន​ខ្ពស់ត្រដែត អមដោយអ័ព្ទ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ដ៏ត្រជា​ក់​ស្រេប​ ។


​ស្ពា​នលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូក​ខ្លួន​ឆ្ល​ងកា​ត់​ស្ទឹង​ឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបាន​រាជរដ្ឋាភិបាល​​ចំ​ណា​យ​ថវិកា​ប្រមាណជាង​២០​លានដុល្លារអាមេរិក​ សាងសង់ឡើង​ដើម្បីកាត់បន្ថយ​ផលប៉ះ​ពាល់​ដោយ​​សា​រ​​​បរិ​ស្ថា​ន​នៅ​លើគម្រោងសាងសង់​ផ្លូវជាតិលេខ​១០ ។​

ក្រោយគម្រោងផ្លូវជាតិលេខ​១០​នេះ​សាងសង់​រួចរាល់ នឹង​ជំរុញ​សកម្មភាពទេសចរ​ណ៍​នៅក្នុង​ខេត្ត​កោះ​កុង​កាន់តែមានភាពរស់​រវើក​ ជាក់ស្ដែង​នៅថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម​ព្រះក​រុណា​ព្រះ​បាទ​ស​ម្ដេ​ចព្រះ​ប​រ​មនាថនរោត្តមសីហមុនី​ និងព្រះរាជពិធី​បុណ្យ​ច្រត់ព្រះនង្គ័ល​កាលពីពេលថ្មីៗនេះ ភ្ញៀវ​ទេស​ចរ​បានសម្រុកទៅលើ​ខេត្ត​កោះកុង​ រហូតដល់​ខេត្តនេះ​ខ្វះបន្ទប់ផ្ទះ​សំណាក់​ និងសណ្ឋាគារ​ស​ម្រា​ប់​ទទួ​ល​ភ្ញៀវ​ ​។

លោកជំទាវ មិថុនា ភូថង ធ្លាប់បាន​ថ្លែងប្រាប់សារព័ត៌មាន​ AMS Economy ឱ្យដឹងថា ទន្ទឹមនឹង​​ខេត្តកោះកុង​មានផ្លូវ​ចំនួន​២ខ្សែ​កំពុងសាងសង់​ជិត​រួចរាល់ រួមមានផ្លូវជាតិលេខ​៤៨​ និងផ្លូវជាតិលេខ​១០​នេះ រដ្ឋ​បាល​ខេ​ត្ត​ក៏​​បាន​រៀបចំឱ្យ​មាន​រមណីយដ្ឋាន​ជាច្រើនកន្លែង​ដើម្បីទាក់ទាញភ្ញៀវទេសចរ ។ នៅពេលផ្លូវ​សាងស​ង់​រួច​រា​ល់ ទេសចរ​ជាតិ​និងអន្តរជាតិ​នឹង​ចាប់​អារម្មណ៍មក​កម្សាន្ត​ និងទស្សនា​តាមរមណីយដ្ឋាននានា​ក្នុង​ខេត្ត​​កោះកុ​ង ហើយខេត្តក៏ត្រូវការ​ការ​វិនិយោគ​លើ​ផ្នែក​បដិសណ្ឋារកិច្ច​ដែលមានផ្ទះសំណាក់ សណ្ឋាគារ និ​ងភោជ​នីយ​ដ្ឋាន​​​ជាដើម ដើម្បី​បំពេញ​តម្រូវការ​ភ្ញៀវទេសចរ ។​

លោកជំទាវ​បន្តថា នៅពេល​អនាគត​ឆាប់ៗនេះ ខេត្តកោះកុង​នឹង​កាន់តែមានសក្ដានុពល​ខ្ពស់​បន្ថែមទៀត ជាមួយ​គ្នា​នឹង​ផ្លូវកាន់តែស្រួល​ ដោយមានទាំងផ្លូវល្បឿនលឿន​ ផ្លូវ​៤៨ និងផ្លូវជាតិ​លេខ​១០ ។ ក្រៅពីនេះ​យើងក៏មាន​ ព្រលានយន្តហោះតារា​សាគរ​បានដាក់​ដំណើរការ​ជាផ្លូវ និង​មានការភ្ជាប់ជើង​កប៉ាល់​ អូប័រ​ពី​ខេត្តកំពត និងខេត្តព្រះសីហនុ មកកាន់​ខេត្ត​កោះកុង ( កោះ​ស្ដេច​)ផងដែរ ៕