ឧត្តរមានជ័យ ៖ ក្នុងពិធីប្រកាសខេត្តឧត្តរមានជ័យ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងប្រគល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តនេះ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីបានផ្ដល់សារប្រយោជន៍ជាសារវ័ន្តទាំងពេលបច្ចុប្បន្ន និងអនាគត សម្រាប់កម្មសិទ្ធិករ ជារដ្ឋក្តី រូបវន្តបុគ្គលក្តី និងនីតិបុគ្គលក្តី ដូចជា រដ្ឋគ្រប់គ្រងបានទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានភាពងាយស្រួលក្នុងការងាររៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយទំនាស់ដីធ្លី។


ឯកឧត្តម អភិបាលខេត្ត បានបន្តថា ៖
«ការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុ នឹងធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ, ទទួលបានសិទ្ធស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋដែលអាចឱ្យប្រជាពលរដ្ឋធ្វើការបង្កបង្កើនផលឬប្រកបមុខរបរផ្សេងទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ, អាចប្រើប្រាស់បណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ ឬអាជីវកម្មរបស់ខ្លួន»។


ជាមួយគ្នានេះ ដើម្បីឈានដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនិមួយៗ ត្រូវទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដី ក៏ដូចជាអ្នកកាន់កាប់ដីទាំងអស់ ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវមានកិច្ចសហការល្អជាមួយមន្ត្រីជំនាញដើម្បីធ្វើការវាស់វែងក្បាលដីដែលបានឯកភាពគ្នារួចរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី និងអត្តសញ្ញាណក្បាលដីមុននឹងដំណើរការកំណត់ព្រំ និងការវាស់វែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តឧត្តរមានជ័យ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើត និងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖
«ខេត្តឧត្ដរមានជ័យគឺជាខេត្តទី៧ហើយដែលបានប្រកាសបិទបញ្ចប់ការវាស់វែងក្បាលដី និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដូច្នេះកិច្ចការបន្ទាប់ សូមអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ គិតគូរលើការរៀបចំក្រុង និងពិនិត្យឈ្មោះ និងលេខកូដភូមិសាស្ត្រ ដើម្បីក្រសួងអាចរៀបចំអាសយដ្ឋាន និងព្រំប្រទល់ភូមិ ឃុំ ខេត្ត ទូទាំងប្រទេសឡើងវិញ»។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៍បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ សូមថែរក្សា និងប្រើប្រាស់បណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ដែលជាទ្រព្យសម្បត្តិធ្វើអោយរីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់។