ភ្នំពេញ ៖ ការផ្ដោតការយកចិត្តទុកដាក់គិតគូរពីគុណភាពសំណង់ និងសុវត្ថិភាពសំណង់នៅក្នុងប្រទេសកម្ពុជា នឹងជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យកាន់តែប្រសើរឡើង ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងសិក្ខាសាលាស្ដីពីគុណភាព និងសុវត្ថិភាពសំណង់នៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះថា មានសារៈសំខាន់ ពីព្រោះជាឱកាសជួបជុំគ្នាមួយដែលអ្នកពាក់ព័ន្ធទាំងអស់គ្នាគឺជាអ្នកទទួលខុសត្រូវ និងកំណត់នូវកិច្ចការដែលត្រូវអនុវត្តឱ្យបានជោគជ័យនាថ្ងៃអនាគតសំរាប់កម្ពុជាលើផ្នែកស្ថាបត្យកម្ម និងវិស្វកម្ម ។
នាឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា អគ្គនាយកដ្ឋានសំណង់ គឺជាអគ្គនាយកដ្ឋានស្នូល ដើម្បីប្រយុទ្ធនឹងសមរភូមិការងារទាក់ទិននឹងគុណភាព និងសុវត្ថិភាពសំណង់នៅប្រទេសកម្ពុជា ហើយក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ ក៏ជាសេនាធិការដ៏សំខាន់ចាំបាច់ផងដែរក្នុងការបង្កើតច្បាប់ និងអនុវត្ត។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖
«ដើម្បីឈានសម្រេចបាននូវគោលបំណងរបស់យើងទាក់ទិននឹងគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ គឺត្រូវផ្ដើមចេញពីគំនិត ទស្សនវិស័យ បទដ្ឋានបច្ចេកទេស ដែលត្រូវមានការឯកភាពគ្នាតែមួយ ក្នុងស្មារតីធ្វើការជាក្រុម ស្មារតីជាសង្គមជាតិមួយ និងប្រទេសជាតិមួយ» ។
ឯកឧត្តម បានបន្ថែមថា ៖
«ទៅថ្ងៃមុខ យើងត្រូវមានគំនិតទស្សនៈរួមរបស់កម្ពុជា ហើយក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ ត្រូវកំណត់ជាទស្សនវិស័យ ជាបទដ្ឋានបទបញ្ញត្តិទាំងអស់ ថាតើយើងគួរធ្វើដូចម្ដេចទាក់ទិននឹងវិស័យសំណង់សំរាប់ស្ថាបត្យកម្មខ្មែរនាសហសម័យក្នុងសង្គមជាតិមួយនេះ ដែលស្របតាមទីតាំងភូមិសាស្ត្រនៃតំបន់នីមួយៗ និងអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចធានាឱ្យប្រជាជនរស់នៅតជំនាន់បាន»៕
