ពោធិ៍សាត់ ៖ ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានប្រកាសឱ្យពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ ។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណ និងដឹកជញ្ជូន នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រោយពេលស្ពានខ្ពស់ជាងគេមួយនេះបានសម្រេចការសាងសង់ ១០០ភាគរយទាំងស្រុង ក្រសួងក៏បានសម្រេចបើកឱ្យពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ ។
ក្រសួងបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយអ័ព្ទ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ដ៏ត្រជាក់ស្រេប ។
ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានរាជរដ្ឋាភិបាលចំណាយថវិកាប្រមាណជាង២០លានដុល្លារអាមេរិក សាងសង់ឡើងដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារបរិស្ថាននៅលើគម្រោងសាងសង់ផ្លូវជាតិលេខ១០ ។
ក្រោយគម្រោងផ្លូវជាតិលេខ១០នេះសាងសង់រួចរាល់ នឹងជំរុញសកម្មភាពទេសចរណ៍នៅក្នុងខេត្តកោះកុងកាន់តែមានភាពរស់រវើក ជាក់ស្ដែងនៅថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី និងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លកាលពីពេលថ្មីៗនេះ ភ្ញៀវទេសចរបានសម្រុកទៅលើខេត្តកោះកុង រហូតដល់ខេត្តនេះខ្វះបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារសម្រាប់ទទួលភ្ញៀវ ។

លោកជំទាវ មិថុនា ភូថង ធ្លាប់បានថ្លែងប្រាប់សារព័ត៌មាន AMS Economy ឱ្យដឹងថា ទន្ទឹមនឹងខេត្តកោះកុងមានផ្លូវចំនួន២ខ្សែកំពុងសាងសង់ជិតរួចរាល់ រួមមានផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០នេះ រដ្ឋបាលខេត្តក៏បានរៀបចំឱ្យមានរមណីយដ្ឋានជាច្រើនកន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរ ។ នៅពេលផ្លូវសាងសង់រួចរាល់ ទេសចរជាតិនិងអន្តរជាតិនឹងចាប់អារម្មណ៍មកកម្សាន្ត និងទស្សនាតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ហើយខេត្តក៏ត្រូវការការវិនិយោគលើផ្នែកបដិសណ្ឋារកិច្ចដែលមានផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានជាដើម ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ ។
លោកជំទាវបន្តថា នៅពេលអនាគតឆាប់ៗនេះ ខេត្តកោះកុងនឹងកាន់តែមានសក្ដានុពលខ្ពស់បន្ថែមទៀត ជាមួយគ្នានឹងផ្លូវកាន់តែស្រួល ដោយមានទាំងផ្លូវល្បឿនលឿន ផ្លូវ៤៨ និងផ្លូវជាតិលេខ១០ ។ ក្រៅពីនេះយើងក៏មាន ព្រលានយន្តហោះតារាសាគរបានដាក់ដំណើរការជាផ្លូវ និងមានការភ្ជាប់ជើងកប៉ាល់ អូប័រពីខេត្តកំពត និងខេត្តព្រះសីហនុ មកកាន់ខេត្តកោះកុង ( កោះស្ដេច)ផងដែរ ៕
