បាត់ដំបង ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ខេត្តបាត់ដំបង នឹងបញ្ចប់ការវាស់វែងជាស្ថាពរនៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ដែលអាចនឹងបញ្ចប់នៅមុនផែនការដែលបានគ្រោងទុក ។ គោលនយោបាយការចុះបញ្ជីដីបង្ហើយ គឺដើម្បីផ្ដល់កម្មសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋ និងបញ្ចប់ភាពចម្រូងចម្រាស់នានាក្នុងសង្គមជាតិដែលកើតចេញពីភាពមិនច្បាស់លាស់នៃម្ចាស់កម្មសិទ្ធិ និងភាពស្រពិចស្រពិលនៃព្រំដី រួមទាំងការធានាបាននូវការផ្ដល់សេវាសាធារណៈលឿនរហ័ស និងតម្លាភាព គួរជាទីគាប់ចិត្តរបស់ប្រជាពលរដ្ឋផងដែរ។

នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង កាលពីថ្ងៃចុងសប្ដាហ៍មុននេះ លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង បានបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តបាត់ដំបង បានរៀបចំក្រុមចុះបញ្ជីចំនួន១១ក្រុម មានកម្លាំងសរុបចំនួន ២២០នាក់ ដើម្បីជួយជំរុញបង្ហើយក្បាលដីដែលនៅសេសសល់ចំនួន២៦៧ ០៥១ក្បាលដីនៅទូទាំងខេត្ត។
លោកបន្តថា ការអនុវត្តការងារចុះបញ្ជីបង្ហើយក្បាលដីបានអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ គិតមកដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្រេចបានការវាស់វែងក្បាលដីចំនួន ២៤០ ៨៥៤ក្បាលដី,ប្រមូលទិន្នន័យវិនិច្ឆ័យបានចំនួន ១២១ ១៧៥ក្បាលដី,ធ្វើការបិទផ្សាយជាសាធារណៈបានចំនួន៣១ ៥៥០ក្បាលដី,ចេញបណ្ណបានចំនួន ២៥២៥ ក្បាលដី,ចែកបណ្ណបានចំនួន១ ៣៣៣ក្បាលដី។ ដោយឡែកចំពោះការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ពឺ ឃុំបួរ ស្រុកភ្នំព្រឹក នាថ្ងៃនោះ សរុបមានចំនួន ១ ១៩២បណ្ណ ស្មើនឹង៧២១គ្រួសារ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវថែរក្សាដីធ្លីដែលជាទ្រព្យរបស់ខ្លួនដើម្បីទុកចែកតកូនតចៅ កុំលក់ដូរឱ្យសោះ ខណៈមនុស្សចេះតែបន្តកើតរាល់ថ្ងៃ ប៉ុន្តែដីធ្លីមិនកើតទៀតនោះទេ។

ឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានថ្លែងឱ្យដឹងថា ខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្ដានុពលធំធេងលើវិស័យកសិកម្ម ទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចទី៤នៅកម្ពុជា ។ ឯកឧត្តម ស្នើដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវយកចិត្តទុកដាក់រៀបចំភូមិឋានឱ្យបានស្អាតល្អ ខិតខំប្រកបមុខរបររកស៊ី និងដាំដំណាំផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ។
គួររម្លឹកថា ការបញ្ចប់ការវាស់វែងដីធ្លីនៅទូទាំងប្រទេស គឺជាការងារអាទិភាពរបស់ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ក្នុងអាណត្តិទី៧នេះ ដោយរាជរដ្ឋាភិបាលបានចំណាយថវិកាជាច្រើនដើម្បីឱ្យការងារនេះបានបញ្ចប់ទៅលឿន ដោយមិនចង់ឃើញវិវាទដីធ្លីកើតឡើងបន្តទៀតនៅក្នុងប្រទេសកម្ពុជា ពោលគឺចង់ឱ្យពលរដ្ឋរស់នៅប្រកបដោយសុខុដុមរមនាជាមួយគ្នា៕
