ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការចុះបញ្ជីដីតំបន់៣ នៃតំបន់បឹងទន្លេសាបជាដីសាធារណៈរបស់រដ្ឋ និងចុះបញ្ជីដីតំបន់២ ជាដីឯកជនរបស់រដ្ឋ ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ៖ ក្រសួងនឹងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការចុះបញ្ជីដីតំបន់៣ ជាដីសាធារណៈរបស់រដ្ឋ និងដីតំបន់២ ជាដីឯកជនរបស់រដ្ឋ , តំបន់១ គឺទទួលខុសត្រូវដោយរដ្ឋបាលខេត្ត អាជ្ញាធរដែនដី, តំបន់២ ទទួលខុសត្រូវដោយក្រសួងកសិកម្ម ប៉ុន្តែត្រូវធ្វើប្រតិភូកម្មឱ្យទៅអាជ្ញាធរខេត្តគ្រប់គ្រង, តំបន់៣ ទទួលខុសត្រូវដោយក្រសួងបរិស្ថាន, ដោយឡែក ការទទួលខុសត្រូវលើដីបឹងទន្លេសាបជារួម ទាំងបរិមាណ និងគុណភាពទឹក គឺក្រសួងធនធានទឹក និងឧតុនិយម ជាអ្នកទទួលខុសត្រូវ ។
ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររបស់អគ្គនាយកដ្ឋានសុរិយោដីដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសការចុះបញ្ជីដីនៅតំបន់ទន្លេសាបនេះទន្ទឹមនឹងការចុះបញ្ជីដីធ្លីទូទាំងប្រទេស ដែលការចុះបញ្ជីនៅទន្លេសាបនេះមិនមែនជាកិច្ចការងាយស្រួលនោះទេ ដោយក្នុងនោះត្រូវចុះបញ្ជីដីនៅជាង ៨០ ឃុំក្នុងបណ្ដាខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប។

ផ្តើមចេញពីបញ្ហាដែលត្រូវពិភាក្សានាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវទស្សនៈវិស័យមួយចំនួនដើម្បីជួយសម្រួលដល់ការបំពេញការងារពាក់ព័ន្ធនឹងករណីនេះ ក្នុងនោះត្រូវមានការឯកភាពគ្នាដោយត្រូវប្រកាន់លើគោលជំហររៀបចំតំបន់បឹងទន្លេសាបឱ្យមានរបៀបរៀបរយត្រឹមត្រូវ ចៀសវាងកុំឱ្យបាត់បង់ ពីព្រោះបឹងទន្លេសាបមានអត្ថប្រយោជន៍ដ៏ច្រើនមហាសាលសម្រាប់សេដ្ឋកិច្ចជាតិ, ឃុំនីមួយៗនៃបណ្ដាខេត្តជុំវិញបឹងទន្លេសាបត្រូវមានផែនទីប្រើប្រាស់ដីដូចនៅតំបន់អង្គរដែរ, ត្រូវមានការកំណត់ផ្ទះទឹកឱ្យបានច្បាស់លាស់, ត្រូវចូលរួមសម្របសម្រួលនូវភាពមិនចុះសម្រុងគ្នារវាងក្រសួងស្ថាប័នពាក់ព័ន្ធនីមួយៗដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិជារួម, កំណត់អំពីការទទួលខុសត្រូវ និងលើកតម្កើងកិត្យានុភាពអាជ្ញាធរទន្លេសាបដែលជាអង្គស្ថាប័នសម្របសម្រួលការងារយុទ្ធសាស្ត្ររបស់បឹងទន្លេសាប។
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអាជ្ញាធរទន្លេសាបដឹកនាំសម្របសម្រួល ពិនិត្យស្ថានភាពបឹងទន្លេសាបជារួម ដើម្បីអភិរក្សជីវចម្រុះ និងស្វែងរកនូវការឯកភាពគ្នាក្នុងការផ្លាស់ប្ដូរស្ថានភាពរបស់បឹងទន្លេសាបឱ្យកាន់តែល្អប្រសើរជាងមុនដើម្បីរក្សាបឹងដែលមានអត្ថប្រយោជន៍ដ៏ច្រើនមហាសាលនេះទុកជាមរតកបន្តជំនាន់ ៕