ភ្នំពេញ ៖ បណ្ណកម្មសិទ្ធិចំនួន៨០ម៉ឺនបណ្ណ ដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រាពីរាជរដ្ឋាភិបាល ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រគល់ជូនពលរដ្ឋជាបន្តបន្ទាប់ចាប់ពីថ្ងៃនេះតទៅ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយកិច្ចប្រជុំមួយកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងអង្គភាពសារពើពន្ធ និងអង្គភាពរដ្ឋបាលសុរិយោដី ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចែករំលែកទិន្នន័យព័ត៌មានទៅវិញទៅមក ដើម្បីបុព្វហេតុក្នុងការគ្រប់គ្រងចំណូលសារពើពន្ធរបស់រដ្ឋ។
ឯកឧត្តម បានលើកឡើងថា ៖
«បញ្ហាដីធ្លីគឺជាបញ្ហារ៉ាំរ៉ៃ និងអាចបង្កគ្រោះថ្នាក់ដល់សង្គមជាតិនាថ្ងៃខាងមុខប្រសិនបើយើងមិនមានវិធានការដោះស្រាយឱ្យបានសមស្របត្រឹមត្រូវនោះទេ ដូច្នេះ ដើម្បីកាត់បន្ថយវិវាទក្នុងសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យុទ្ធសាស្ត្រចុះបញ្ជីដីធ្លីបង្ហើយ ដែលបច្ចុប្បន្នការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសនៅសល់ត្រឹមតែប្រមាណ ៣០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលនឹងត្រូវបញ្ចប់ជាស្ថាពរ ។ ក្រៅពីនេះក៏នៅមានការចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់រដ្ឋផងដែរ»។
នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍គាំទ្រដល់ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចំពោះការសម្រួលនីតិវិធីដើម្បីដោះស្រាយបញ្ចប់បញ្ហាក្បាលដីជាប់ពន្ធសូន្យ ដោយត្រូវបញ្ជូនឯកសារមកខាងពន្ធដារ ដើម្បីសម្រួលបែបបទ និងផ្ទៀងផ្ទាត់ទិន្នន័យនានាជាដើម, ការធ្វើបទបញ្ញត្តិដើម្បីគ្រប់គ្រងបុរីគឺជាកត្តាសំខាន់ ងាយស្រួលក្នុងការគ្រប់គ្រងលើការបង់ពន្ធ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងការបង្កើតសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញដែលធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់លើរាល់សេវាកម្មទាំងអស់ ទាំងសេវាសុរិយោដី និងពន្ធដារ ឆ្លើយតបតាមតម្រូវការជាក់ស្ដែងដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរមកដល់ទីតាំង និងអាចទទួលបានសេវាគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់ និងស្នើសុំឱ្យបង្កើតក្រុមការងារ E-administration, File sharing ដោយមានឆន្ទៈធ្វើការរួមគ្នារវាងខាងសុរិយោដី និងពន្ធដារផងដែរ ៕
