ព្រះសីហនុ ៖ គិតចាប់តាំងពីឆ្នាំ២០២៤ រហូតដល់ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង មានទុនវិនិយោគប៉ាន់ស្មានសរុប ៧០២៩ លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារ ៥៣ ១៨៧ កន្លែង ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំលើកទី១៦របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។

នៅក្នុងកិច្ចប្រជុំនោះដែរ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុក៏បានសម្រេចជាគោលការណ៍លើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន១០ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប១៥៤លានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ ១ ១៨៧កន្លែង ។ គម្រោងវិនិយោគទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៤ គម្រោងថ្មីចំនួន៤ គម្រោងពង្រីកចំនួន១ និងគម្រោងមានស្រាប់ចំនួន១ ។ គម្រោងវិនិយោគទាំង១០ដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល មានដូចជា រោងចក្រកែច្នៃ អគារពាណជ្ជកម្ម គ្រឹះស្ថានសិក្សាចំណេះទូទៅ ផែបណ្ដែតទឹក សណ្ឋាគារ និងអគារស្នាក់នៅរួម ។
នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ បានគូសរំលេចជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពនៃស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកល និងការការពារឧស្សាហកម្មក្នុងស្រុក ដែលបណ្តាលឱ្យមានការកើនឡើងនៃរបាំងពាណិជ្ជកម្ម ជះឥទ្ធិពលដល់ការទាក់ទាញវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម និងការនាំចេញរបស់កម្ពុជាផងដែរ ។
ទោះបីយ៉ាងណា, ស្ថានភាពនេះ ក៏បានបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់ទាញវិនិយោគពីប្រទេសផ្សេងៗ តាមរយ:ការបន្តខិតខំប្រឹងប្រែងទ្វេដង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគ ។ ផ្អែកតាមនេះ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រួមទាំងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏នឹងបន្តខិតខំប្រឹងប្រែងថែមទៀតជាបន្តបន្ទាប់ឥតដាច់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច សំដៅទាក់ទាញ និងជំរុញការវិនិយោគថែមទៀតមកក្នុងខេត្តព្រះសីហនុ តាមរយៈ “ថែរក្សាអ្នកចាស់ និងស្វែងរកអ្នកថ្មី” និងការដោះស្រាយបញ្ហាជាកញ្ចប់ក្នុងអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។
សូមជម្រាបជូនថា តាមការគ្រោងទុកនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ក្រុមការងារនឹងចុះពិនិត្យទីតាំងគម្រោងដែលស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីប្រមាណ ៣០ គម្រោង ។ ដូច្នេះ ទោះជាស្ថិតក្នុងស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកលដែលកំពុងផ្លាស់ប្តូរ និងមិនមានភាពប្រាកដប្រជាក៏ដោយ ក៏ចំនួនគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុ នៅបន្តមាននិន្នាការកើនឡើង ដែលតាមរយៈនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសំណូមពរឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាងមុនក្នុងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ ៕
