ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីស្វែងរកការឯកភាពគ្នាលើការរៀបចំ បទបញ្ញត្តិ លក្ខខណ្ឌ នៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នាទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា នេះជាការបង្កើតវប្បធម៌ថ្មីមួយសំរាប់ក្រសួងទាំងពីរ ដែលវប្បធម៌នេះបានបន្សល់ទុកតាំងពីសម័យសម្តេចតេជោ កាលលោកនៅជាអតីតនាយករដ្ឋមន្រ្តី ពោលគឺវប្បធម៌ផ្សះផ្សារ បង្រួបបង្រួមជាតិ ឬវប្បធម៌សន្ទនាក្នុងការដោះស្រាយបញ្ហាសង្គមជាតិ និងក្រោយមក គឺមានវប្បធម៌មួយដែលហៅថាជាការដឹងគុណសន្តិភាព។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងអាណត្តិនេះ ឯកឧត្តមបានទទួលភារកិច្ចធំមួយពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវបញ្ចប់បញ្ហាដីធ្លីនៅកម្ពុជាទាំងស្រុង ដូច្នេះ ត្រូវមានវិធានការនិងយុទ្ធសាស្រ្តមួយចំនួនដើម្បីជំរុញបញ្ចប់បញ្ហាដីធ្លីនេះ តាមរយៈការបង្កើតគោលនយោបាយចុះបញ្ជីដីបង្ហើយជូនប្រជាពលរដ្ឋទូទាំងប្រទេស។
ទាក់ទិននឹងការចុះបញ្ជីដីធ្លីនៅតំបន់បេតិកភណ្ឌអង្គរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យល់ឃើញថា ប្រសិនបើការដោះស្រាយបញ្ហានៅតំបន់អង្គរនេះបានចប់សព្វគ្រប់នោះ ក្រសួងនឹងអាចឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ពិសេសនៅតំបន់បឹងទន្លេសាប និងខេត្តព្រះវិហារ ដែលជាខេត្តមានប្រាង្គប្រាសាទច្រើនបន្ទាប់ពីខេត្តសៀមរាប មានភាពងាយស្រួល ដែលនឹងយកលំនាំនេះទៅដោះស្រាយផងដែរ។ ចំពោះការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅខេត្តសៀមរាប គឺត្រូវពិនិត្យមើលបទបញ្ញត្តិទាំងឡាយដែលបានកំណត់ពីមុនមក ជាពិសេសព្រះរាជក្រឹត្យលេខ ០១ ច្បាប់បេតិកភណ្ឌ ច្បាប់អង្គការដែលអនុវត្តដោយក្រសួងមហាផ្ទៃ ច្បាប់រៀបចំដែនដីដែលក្រសួងកំពុងតែព្រាងនេះ និងច្បាប់ភូមិបាលដែលមានស្រាប់ ប៉ុន្តែដោយសារស្ថានភាពបច្ចុប្បន្នមានការប្រែប្រួល ដូច្នេះច្បាប់នេះនឹងត្រូវកែសម្រួលដោយឆ្លុះបញ្ចាំងពីការគិតគូរបែបជាក់ស្តែងនិយមនៅពេលនេះ ហើយនឹងទៅឆ្នាំខាងមុខទៀត។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបញ្ជាក់ថា ការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំកិច្ចពិភាក្សាទូលាយជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាពេលនេះ ដោយផ្អែកលើវឌ្ឍនភាពនៃការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សំដៅស្វែងរកការឯកភាពគ្នា លើការរៀបចំបទប្បញ្ញត្តិ លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីការពារឧត្តមប្រយោជន៍នៃការអភិរក្ស និងលើកស្ទួយជីវភាពរបស់អ្នកស្រុកអង្គរ និងបង្កលក្ខណៈងាយស្រួលឱ្យភ្ញៀវទេសចរមកកំសាន្ត និងបង្កើនឱកាសសេដ្ឋកិច្ចសំរាប់កម្ពុជា ៕
