ភ្នំពេញ ៖ បន្ថែមពីលើវិស័យឯកជនដែលកំពុងបន្តសកម្មភាពអភិវឌ្ឍនៅក្នុងវិស័យសំណង់ កិច្ចដំណើរការសាងសង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសរបស់រដ្ឋាភិបាលតាមបណ្តាខេត្តមានសក្ដានុពល គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ទីផ្សារអចនទ្រព្យបានយ៉ាងប្រសើរ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានបែបទំនើបកម្រិតមធ្យមបានមានប្រសាសន៍ឲ្យដឹងថា ក្នុងគោលដៅទាក់ទាញការវិនិយោគបន្ថែម ទាំងប្រភពនៅក្នុងស្រុក និងប្រភពមកពីក្រៅស្រុក រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងព្យាយាមយ៉ាងខ្លាំងក្នុងការបន្តកិច្ចអភិវឌ្ឍផ្នែកសំខាន់ៗដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដែលក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធបានដើរតួជាអាទិភាព ដូចជា ការសាងសង់ព្រលានយន្តហោះថ្មីទាំងនៅខេត្តកណ្តាល ទាំងនៅខេត្តសៀមរាប ការស្ថាបនាផ្លូវជាតិសំខាន់ៗ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តដែលមានសក្ដានុពល ក៏ដូចជាគម្រោងសាងសង់ស្ពានជាច្រើនកន្លែងជាដើម។

លោកឧកញ៉ាបានមានប្រសាសន៍ទៀតថា នៅពេលដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាស្ពាន ផ្លូវថ្នល់ បណ្តាញទឹកស្អាត ភ្លើង នៅតំបន់ណាមួយដែលអនុគ្រោះ និងបង្កភាពងាយស្រួលដល់ការធ្វើដំណើរ និងរស់នៅបាន នោះគម្រោងអភិវឌ្ឍន៍វិស័យសំណង់លំនៅដ្ឋានក៏អាចនឹងកើតមានយ៉ាងឆាប់រហ័ស ហើយនៅពេលដែលមានគម្រោងអភិវឌ្ឍន៍សាងសង់លំនៅដ្ឋាន គម្រោងបង្កើតជាតំបន់ឧស្សាហកម្មជាដើម គឺជំរុញឲ្យមានការប្រើប្រាស់ដី ដែលសុទ្ធតែជាការគាំទ្រដល់ទីផ្សារអចលនទ្រព្យទាំងអស់។ ដូច្នេះមានន័យថា នៅតំបន់ណាដែលមានការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ តំបន់នោះក៏នឹងមានតម្រូវការទិញលក់អចលនទ្រព្យដូចគ្នា៕