(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន បានប្រកាសឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

ការចូលរួមឧបត្ថម្ភថវិការបស់ លោកអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជាមួយនោះដែរ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​លោកអ្នកឧកញ៉ា​គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ​ចំណាន បានដឹកនាំ និងជំរុញការរៀបចំបង្កើតមូលនិធិ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ,​ក្រុមហ៊ុនសែលកាត និងធនាគារវីង ដោយបាន បង្កើតមូលនិធិស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមដោយស្ម័គ្រ​ចិត្តបានថវិការហូតចំនួន ៥០០,២១៦ដុល្លារអាមេរិក។

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកអ្នកឧកញ៉ា​គិត ម៉េង​និងលោកជំទាវអ្នកឧកញ៉ា​ម៉ៅ ចំណាន ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងប្រគល់ថវិកាទាំងអស់នេះជូនសម្តេច៕