(ភ្នំពេញ)៖ ឈរលើទស្សនៈទានគិតគូរពីសុវត្ថិភាព និងសោភណភាពតាមទីប្រជុំជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រជុំពិភាក្សាគម្រោងកែលម្អ និងលើកកម្ពស់សោភ័ណភាពកំណាត់ផ្លូវជាតិ លេខ៤ ដោយជ្រើសរើសទីតាំងទីប្រជុំជន ចំនួន ៣ទីតាំង (ស្ថិតក្នុងភូមិសាស្ត្រ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទីតាំងរង្វង់មូលវាលរេញ និងផ្សារព្រៃនប់ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ) ដើម្បីអនុវត្តជាគម្រោងសាកល្បង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងមានបំណងចង់យកគម្រោងកែលម្អនិងលើកកម្ពស់សោភ័ណភាពកំណាត់ផ្លូវជាតិលេខ ៤ “ក្រុងច្បារមន” និង”រង្វង់មូលវាលរេញ” និង”ផ្សារព្រៃនប់” ធ្វើជាគម្រោងគម្រូមួយសម្រាប់ទីប្រជុំជនគ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយជំហានដំបូងគឺចង់យកក្រុងច្បារមនធ្វើជាគោលជាមុនសិនដោយប្រមូលគំនិត បទពិសោធន៍ ទស្សនទានទាំងអស់ទៅកែសម្រួលទីប្រជុំជនក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយអាចញែកផ្លូវម្ខាងចេញពីផ្លូវជាតិលេខ៤ និងរៀបចំចំណតរថយន្ត ចិញ្ចើមផ្លូវនិងផ្លូវថ្មើរជើង រៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់និងដាំដើមឈើ ដើម្បីបង្កើនសោភ័ណភាពទីនេះបន្ថែមទៀត ជាទីប្រជុំជនដែលប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅបាន និងមានសុវត្ថិភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា គម្រោងនេះផ្តោតលើ៖(១).ការរៀបចំទីសាធារណៈ និងទីប្រជុំជនក្នុងក្រុងឱ្យមានបរិយាកាសល្អអាចរស់នៅបានសម្រាប់ទាំងអស់គ្នា (២).ឈានទៅកាត់បន្ថយ និង បញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ផ្តល់សេវាកាន់តែល្អប្រសើរសម្រាប់អ្នករស់នៅ និងឆ្លងកាត់តំបន់ជាប្រចាំ និង (៣). ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់សម្រាប់ឱ្យអ្នកទីក្រុងមានភាពងាយស្រួលក្នុងការរស់នៅ។ តាមគម្រោង ទីប្រជុំជនដែលត្រូវកែលម្អនិងលើកកម្ពស់សោភ័ណភាពបែបនេះមានប្រមាណជាង ២០០ នៅទូទាំងប្រទេស៕


