ភ្នំពេញ៖ កម្មសិទ្ធិ សំដៅទៅលើសិទ្ធិដែលកម្មសិទ្ធិករនោះអាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួនដោយសេរីបាន នៅក្នុងទំហំដែលច្បាប់បានកំណត់ ។ ប៉ុន្តែទាមទារឲ្យរូបវន្តបុគ្គល និងនីតិបុគ្គលកាន់កាប់អចលនវត្ថុត្រឹមត្រូវស្របតាមច្បាប់នូវពេលដែលក្លាយជាម្ចាស់កម្មសិទ្ធិ ឬកម្មសិទ្ធិករ។

យោងច្បាប់ភូមិបាលឆ្នាំ២០០១និងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧កម្មសិទ្ធិអចលនវត្ថុត្រូវបានបែងចែកជា ៦ ប្រភេទ គឺ ÷
ប្រភេទទី១ កម្មសិទ្ធិឯកជន សំដៅទៅលើអចលនវត្ថុរបស់ប្រជាពលរដ្ឋ ដែលកម្មសិទ្ធិករមានសិទ្ធិប្រើប្រាស់អាស្រ័យ និងចាត់ចែងទ្រព្យរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ ។
ប្រភេទទី២ កម្មសិទ្ធិរបស់សមូហភាព សំដៅទៅដី ឬសំណង់ អគារដែលស្ថិតនៅក្នុងបរិវេណវត្តព្រះពុទ្ធសាសនា ដែលមិនអាចលក់ ឬបរិច្ចាគ ប៉ុន្តែអាចជួល ឬប្រវាស់បាន ដែលចំណូលត្រូវតែប្រើប្រាស់ក្នុងកិច្ចសាសនា។លើសពីនេះ កម្មសិទ្ធិសមូហភាពក៏រួមបញ្ជូលទ្រព្យសម្បត្តិរបស់សហគមន៍ជនជាតិដើមភាគតិច និវេសនដ្ឋាន ដីដាំដុះប្រពៃណី និងដីដូវេនដំណាំរបស់សហគមន៍ជនជាតិដើមភាគតិច ។
ប្រភេទទី៣ កម្មសិទ្ធិអវិភាគ សំដៅទៅលើកម្មសិទ្ធិលើទ្រព្យតែមួយដែលជារបស់បុគ្គលច្រើននាក់ហើយមិនអាចពុះចែកគ្នាបាន ដែលម្នាក់ៗមានចំណែករបស់ខ្លួន ។
ប្រភេទទី៤ សហកម្មសិទ្ធិ
កម្មសិទ្ធិប្រភេទនេះសំដៅដល់កម្មសិទ្ធិលើទ្រព្យជាអចលនវត្ថុដែលមនុស្សម្នាក់ៗមានចំណែកជាឯកជនរៀងៗខ្លួន បែងចែកតាមឡូត៍ និងមួយចំណែកទៀតជាទ្រព្យរួម ដូចជាអាគារខុនដូរ ឬអាផាមិន ។
ប្រភេទទី៥ កម្មសិទ្ធិសាធារណះរបស់រដ្ឋ សំដៅទៅដល់ទ្រព្យសាធារណះមិនអាចលក់បាន និងត្រូវរក្សារឲ្យគង់វង្ស ដើម្បីទុកជាទ្រព្យសម្បត្តិសំរាប់ជនរួមសង្គមអាចប្រើប្រាស់ជាសមូហភាពយូរអង្វែង ដូចជាអគាររដ្ឋ ផ្លូវថ្នល់ កំពង់ផែដីគម្រប់ព្រៃឈើរ….។ល។ កម្មសិទ្ធិនៃទ្រព្យទាំងនេះមិនមានអាជ្ញាអាយុកាកំណត់បានទេ ។
ប្រភេទទី៦ កម្មសិទ្ធិឯកជនរបស់រដ្ឋ សំដៅដល់ទ្រព្យដែលកើតចេញពីទ្រព្យសាធារណះរបស់រដ្ឋដែលត្រូវបានគេធ្វើឲ្យបាត់បង់ប្រយោជន៍សាធារណះ និងជាទ្រព្យឯកជនរបស់រដ្ឋ និងនីតិបុគ្គលសាធារណះ ហើយអាចលក់ដូរ បែងចែក ឬផ្ទេរកម្មសិទ្ធិតាមការកំណត់ដោយច្បាប់៕