ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានបញ្ជាក់​ឱ្យដឹងថា បច្ចុប្បន្ននេះ ក្បា​ល​​ដី​ដែលនៅសេសសល់មិនទាន់​បានវាស់វែងគឺនៅសល់តែ​ជាង​១១ម៉ឺន​ក្បាលទៀត​ប៉ុណ្ណោះ ក្នុង​ចំណោម​ក្បាលដី​សរុបទូទាំង​ប្រទេសជាង​១៣លានក្បាលដី។

បើតាមក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បានឱ្យដឹងថា​ បច្ចុប្បន្នមាន​ខេត្ត​ចំនួន៨​ហើយ ដែលបានប្រកាស​បញ្ចប់ការ​វាស់វែង​ដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការ ក្នុងនោះរួមមានខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្ត​ឧត្តរមានជ័យ និងខេត្តបន្ទាយ​មានជ័យ ។ សម្រាប់​បណ្ដាខេត្ត​ផ្សេងៗទៀត ក៏នឹង​បញ្ចប់​ការ​វាស់វែង​ដីធ្លី​ក្នុងពេលឆាប់ៗ​ខាងមុខ​នេះ​ផងដែរ ។


ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណ​ង់ បានបញ្ជាក់​ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះឱ្យដឹងថា ការ​ចុះបញ្ជី​ដីធ្លី​បង្ហើយ​ គឺជា​វិធានការ​មួយក្នុ​ង​​ការ​បង្កើត​បរិយាកាស​គ្មាន​វិវាទ ដោយប្រើ​យុទ្ធ​សាស្ត្រ​នៃការ​សម្អាត កែ​តម្រូវ និងកែសម្រួល​ រួមទាំង​យុទ្ធ​សាស្ត្រ​ផ្សេងៗជាច្រើន ។ ដោយឡែកចំពោះ​ប្លង់​គោលនៃការ​ប្រើប្រាស់​ដី​ នឹងត្រូវ​ប្រគល់ជូនអាជ្ញាធរ​ខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និ​ងសុរិយោដី រាជធានីខេត្តទាំងអស់ និងអាជ្ញាធរ​មូលដ្ឋាន​គ្រប់​ឃុំ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការ​រៀបចំ​ទីក្រុង ទីប្រជុំ​ជន​ឱ្យបានល្អ មានលំហរសាធារណៈ និង​មានសណ្ដាប់​ធ្នាប់​របៀបរៀបរយត្រឹមត្រូវ សំដៅ​បង្កើន​គុណភាពជីវិត​រស់នៅរបស់ប្រជាពលរដ្ឋ​ ដោយប្រែក្លាយ​ទីក្រុង និងទីប្រជុំជន​នៅតាមបណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស​ឱ្យទៅជាបុរីជនបទ ​និងភូមិឋាន​ក្សេមក្សាន្ត​ ឆ្លើយតបទៅនឹង​គោលបំណងរបស់​រាជរដ្ឋាភិបាល ។

គួរ​រម្លឹកថា ការងារ​បន្ទាប់ក្រោយពីបានបញ្ចប់​ការ​វាស់វែង​ដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធ គឺការ​ចុះបញ្ជីក្បាល​ដី និង​បិទផ្សាយ​ជាសាធារណៈ និងឈានទៅដល់​ប្រគល់​/ចែក​ បណ្ណកម្មសិទ្ធិ​ជូនពលរដ្ឋ​បង្ហើយ​ ដើម្បីឱ្យពលរដ្ឋ​ទទួលបានបណ្ណកម្មសិទ្ធិ​សម្រាប់ទុក ឬប្រើប្រាស់​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចគ្រួសារ ក៏ដូចជា​ទុកជា​ទ្រព្យ​សម្រាប់ជាកេរដំណែល​ដល់កូនចៅជំនាន់​ក្រោយ ។

អ្វីដែល​សំខាន់​បន្ទាប់ពីក្នុងពេល​ និងក្រោយបញ្ចប់ការ​វាស់វែងដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធនៅទូទាំង​ប្រទេ​ស​​នោះ គឺការ​ដោះស្រាយវិវាទដីធ្លី រវាងពលរដ្ឋ​ និងពលរដ្ឋ ឯកជន ​និង​រដ្ឋ​ឱ្យបានដាច់​ស្រេច​ទូទាំងប្រទេស ។ ជាក់ស្ដែង​កន្លងមក​ ការ​ដោះស្រាយ​វិវាទនេះ បានធ្វើឡើ​ងតាមរយៈយន្តការ​សុរិយោដី យន្តការ​អាជ្ញាធរ​ជាតិ​ដោះស្រាយទំនាស់ដីធ្លី យន្តការ​គណៈកម្មការសុរិយោដី និងតាមយន្តការ​ក្រុមការងារ​ប្រតិបត្តិ​ជាដើម ។

ក្រៅពីការ​វាស់វែង​ ចុះបញ្ជី បិទផ្សាយ​ និង​ចែក​បណ្ណកម្មសិទ្ធិ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និង​សំណ​ង់​ ក៏កំពុងធ្វើសកម្មភាពនៅក្នុង​សមរភូមិជាច្រើនទៀត​នៃវិស័យដែនដី នគរូបនីយកម្ម​ ដូចជា​ការ​រៀប​ចំ​ការ​ប្រើប្រាស់ដីធ្លី​នៅតាមបណ្ដាខេត្ត​ក្រុង​នានា​ទូទាំងប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព​ និងគុណភាព ធ្វើយ៉ាង​ណាឱ្យពលរដ្ឋ​រស់នៅ​មានសុខុដុមរមនា និងការ​រីក​ចម្រើន ដូចជាការ​រស់នៅ​ដែលអាច​រកចំ​ណូល​ពីការ​ក្នុងមូលដ្ឋាន​របស់ខ្លួន​បានសម្រាប់ផ្គត់ផ្គង់ជីវភាពជាដើម ៕