ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន, តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន, តំណាងសមាគមថ្នាំជក់នៅកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមឧស្សាហកម្មយាន្តយន្តនៅកម្ពុជា និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខនេះ។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. សេចក្តីព្រាងសេចក្តីណែនាំស្តីពីកាតព្វកិច្ចបង់ពន្ធលើការផ្គត់ផ្គង់ទំនិញជាមួយនឹងទំនិញបន្ថែម ឬរង្វាន់ដែលផ្តល់ដោយសហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក, ២. សេចក្តីព្រាងសេចក្តីណែនាំស្តីពីកាតព្វកិច្ចបង់ពន្ធសម្រាប់អ្នកជាប់ពន្ធតូចក្នុងវិស័យទេសចរណ៍, ៣. សេចក្តីព្រាងប្រកាសស្តីពីការកំណត់វិធាន និងនីតិវិធីសម្រាប់ការអនុវត្តការកត់ត្រាគណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច, ៤. អនុសាសន៍ស្តីពីកំណែទម្រង់ពន្ធគយ ពន្ធពិសេស រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:៣០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា៕
