ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៅថ្ងៃទី ១០ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀបចំ និងគ្រប់គ្រងព័ត៌មានអាជីវកម្ម” មានគោលបំណងសំខាន់ ក្នុងការបង្កើនចំណេះដឹងបន្ថែមទៅកាន់ម្ចាស់សហគ្រាសធុនតូច និងមធ្យម អំពីមូលដ្ឋានគ្រឹះក៏ដូចជាសារៈសំខាន់ក្នុងការរៀបចំអាជីវកម្មឱ្យបានត្រឹមត្រូវនិងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) សម្រាប់បង្កើតព័ត៌មានអាជីវកម្មក្នុងការទាក់ទាញអតិថិជន និងដៃគូអាជីវកម្មនានា។

វគ្គបណ្តុះបណ្តាលនេះ គាំទ្រដោយសហគ្រិនខ្មែរ សហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ឯ.ក។ កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា, លោក សុខ សុភមង្គល នាយកប្រតិបត្តិក្រុមហ៊ុន Codingate Technology និងលោក ញ៉ែម ដាវីត អ្នកឯកទេសអភិវឌ្ឍន៍ជំនាញ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ព្រមទាំងមានការចូលរួមពីពាណិជ្ជករ-អាជីវករ សមាគម និងសមាជិក សមាជិកាទាំងអស់ ដែលជាម្ចាស់អាជីវកម្ម និងសហគ្រាស សរុបប្រមាណ ៨០នាក់។

តាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ពីលោក សុខ សុភមង្គល ដែលជានាយកប្រតិបត្តិ ក្រុមហ៊ុន Codingate Technology បានធ្វើបទបង្ហាញជាមួយមេរៀនសំខាន់ៗ ដែលផ្តោតលើសារៈសំខាន់ នៃការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់អាជីវកម្ម មូលដ្ឋានគ្រឹះ និងសារៈសំខាន់ក្នុងការរៀបចំព័ត៌មានអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) សម្រាប់បង្កើតព័ត៌មានអាជីវកម្មដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណក្រុមហ៊ុន ដើម្បីទាក់ទាញអតិថិជន និងដៃគូអាជីវកម្ម។

លោកបានលើកឡើងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ម្ចាស់អាជីវកម្មនឹងយល់ដឹងបន្ថែមពីការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ចងក្រងព័ត៌មានអាជីវម្មបានល្អ ដែលនឹងធ្វើឲ្យអាជីវកម្មរបស់ពួកគាត់នឹងមានការអភិវឌ្ឍបានល្អ លឿន និងប្រសិទ្ធភាព ហើយចាក់គ្រឹះបានរឹងមាំ។

លោកបានគូសបញ្ជាក់ថា៖ «ការប្រកបអាជីវកម្ម បើយើងមិនបានរៀបចំព័ត៌មានត្រឹមត្រូវទេ អាជីវកម្មភាគច្រើនគឺលក់តម្លៃ ប្រកួតប្រជែងលើតម្លៃ ហើយការប្រកួតប្រជែងលើតម្លៃនេះ មិនមែនជាយុទ្ធសាស្ត្រជោគជ័យសម្រាប់អាជីវកម្មទេ តាមពិតអាជីវកម្មដែលបង្កើតមកនីមួយៗគឺលក់គុណតម្លៃ»។

ទន្ទឹមនឹងនេះដែរ លោក ញ៉ែម ដាវីត អ្នកឯកទេសអភិវឌ្ឍន៍ជំនាញ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានលើកឡើងពីសារៈសំខាន់នៃកម្មវិធីនេះ ក្នុងការណែនាំដល់ម្ចាស់អាជីវកម្ម ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីក្នុងការស្នើសុំថវិកាពីមូលនិធិអភិវឌ្ឍន៍ជំនាញ ដើម្បីពង្រឹងសមត្ថភាពបុគ្គិលិករបស់ខ្លួន ក្នុងទិសដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា តែងតែណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅកាន់សមាជិក-សមាជិកា និងជាពិសេស អាជីវករ-ពាណិជ្ជករ និងធុរជន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការបង្កើតឱ្យមានកម្មវិធីផ្សេងៗ ដើម្បីទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់ការបង្កើនប្រសិទ្ធភាពអាជីវកម្មស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃសកលលោក។

កម្មវិធីបណ្ដុះបណ្ដាលខាងលើទទួលបាន ការឧបត្ថម្ភពីធនាគារវីង (ខេមបូឌា) ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា៕

រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង