ភ្នំពេញ ៖ ចាប់តាំងពីផ្លូវជាតិលេខ៥ បានសាងសង់រួចរាល់ និងបានដាក់ដំណើរការឃើញថា តំបន់តាមបណ្ដោយផ្លូវជាតិមួយនេះចាប់ផ្ដើមមានភាពទាក់ទាញ និងមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់។ ជាក់ស្ដែង តំបន់ដែលធ្លាប់តែជាវាលស្រែ និងមិនសូវមានការចាប់អារម្មណ៍ ក៏បានប្រែក្លាយជាតំបន់ដែលមានភាពទាក់ទាញ ដោយក្នុងនោះខេត្តកំពង់ឆ្នាំងក៏ជាតំបន់ដែលស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ និងកំពុងមានការទាក់ទាញដល់អ្នកវិនិយោគជាបន្តបន្ទាប់ផងដែរ ។
ថ្មីៗនេះ មានរោងចក្រដំឡើងរថយន្តដ៏ល្បីឈ្មោះមួយរបស់ចិន GAC ដែលកំពុងវាយលុកលើទីផ្សារប្រទេសកម្ពុជា បានសម្រេចជ្រើសរើសយកខេត្តកំពង់ឆ្នាំងជាទីតាំងសម្រាប់ការវិនិយោគរបស់ខ្លួន ហើយបច្ចុប្បន្ននេះ រោងចក្រដំឡើងរថយន្តមួយនេះបាន និងកំពុងសាងសង់យ៉ាងមមាញឹក ដោយរំពឹងថា ក្នុងពេលឆាប់ៗខាងមុខនឹងត្រូវសង់រួចរាល់ និងចាប់ផ្ដើមខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

ក្រៅពីគម្រោងរោងចក្រដំឡើងរថយន្តមួយនេះ ក៏មានរោងចក្រ និងគម្រោងវិនិយោគជាច្រើនទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តចុះបញ្ជីឱ្យធ្វើសកម្មភាពវិនិយោគនៅក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងនេះដែរ ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការបង្កើនការនាំចេញ-នាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន ។ លើសពីនេះទៅទៀត ផ្លូវនេះក៏បានជួយសម្រួល និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។
ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល។ ផ្លូវជាតិនេះមានប្រវែងសរុប ៤០៧,៤៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ។ ដោយឡែកសម្រាប់ការវិនិយោគនៅខេត្តកំពង់ឆ្នាំង បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៥នេះ ខេត្តកំពង់ឆ្នាំងទទួលបានគម្រោងវិនិយោគដែលបានអនុម័តចំនួន១៥គម្រោង ដោយភាគច្រើនជាគម្រោងក្នុងវិស័យឧស្សាហកម្ម ៕
