ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគជិត ២៦០គម្រោង ដែលអាចបង្កើតការងារដល់ពលរដ្ឋកម្ពុជារាប់សែននាក់ផងដែរ ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង បានបង្កើនភាពទាក់ទាញ និងចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដោយក្នុងរយៈពេល១០ខែកន្លងទៅនេះ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគចំនួន ១៣០គម្រោង ហើយខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគចំនួន ១២៩គម្រោង ។
របាយការណ៍ដដែលក៏បានបង្ហាញឱ្យដឹងទៀតថា ភាគច្រើននៃគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល១០ខែកន្លងមកនេះ គឺក្នុងវិស័យឧស្សាហកម្ម ដោយវិនិយោគទៅលើរោងចក្រ សហគ្រាស និងឃ្លាំងស្តុកទំនិញជាដើម ។ ជាការកត់សម្គាល់ ទាំងការវិនិយោគនៅក្នុងខេត្តទាំងពីរដូចបានលើកឡើង ក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងៗទៀត សុទ្ធតែបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសការបង្កើតឱកាសការងារថ្មីៗជូនដល់ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃវិញ ។

គួរបញ្ជាក់ថា ប្រភពទុនដែលបានចុះបញ្ជីវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល១០ខែកន្លងមកនេះ ភាគច្រើនមកពីប្រទេសចិន ដែលមានរហូតដល់ជាងពាក់កណ្ដាលនៃទុនវិនិយោគសរុប ពោល គឺប្រមាណ ៩,២ពាន់លានដុល្លារអាម៉េរិក ហើយក្នុងនោះដែរ កម្ពុជាក៏បានរួមចំណែកវិនិយោគប្រមាណ ៣២,៨៩ភាគរយផងដែរ ។
កាលពីពេលថ្មីៗនេះ ប្រតិភូមកពីសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី ជាច្រើនបានមកកម្ពុជា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍ចំពោះវត្តមានសមាជិកនៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី និងបានបង្ហាញពីសក្ដានុពលវិនិយោគនៅកម្ពុជាដល់បណ្ដាវិនិយោគិនមកពីចិនទាំងនោះផងដែរ ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានបង្ហាញពីសុទិដ្ឋិនិយមចំពោះការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដោយតាមរយៈការវិនិយោគទាំងនេះ បានធ្វើឱ្យតម្រូវការដីធ្លី និងការទិញលក់ដីសម្រាប់ប្រើប្រាស់ក្នុងការសាងសង់រោងចក្រ សហគ្រាស និងឃ្លាំងស្តុកទំនិញ ជាពិសេសនៅខេត្តស្វាយរៀង និងកំពង់ស្ពឺ ដែលជាខេត្តមានភាពទាក់ទាញលើការវិនិយោគច្រើនជាងគេ ។