ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥​នេះ ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង​ ទទួលបានគម្រោ​ងវិនិយោគ​ជិត ២៦០គម្រោង ​​ដែល​អាច​បង្កើតការងារ​ដល់​ពលរដ្ឋកម្ពុជារាប់​សែននាក់​ផងដែរ ។​

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​កាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ខេត្តកំពង់ស្ពឺ និង​ខេត្តស្វាយរៀង បានបង្កើនភាពទាក់ទាញ និងចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស​ ដោយក្នុងរយៈពេល១០ខែកន្លងទៅនេះ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោង​វិនិយោគចំនួន ១៣០គម្រោង ហើយខេត្ត​ស្វាយរៀង​​ ទទួលបានគម្រោង​វិនិយោគ​ចំនួន ១២៩គម្រោង​ ។

របាយការណ៍ដដែលក៏បានបង្ហាញឱ្យដឹងទៀតថា ភាគ​ច្រើននៃគម្រោង​វិនិយោគនៅក្នុងប្រទេសកម្ពុជា​ក្នុងរយៈពេល​១០ខែកន្លងមក​នេះ គឺក្នុងវិស័យឧស្សាហកម្ម​ ដោយវិនិយោគទៅលើ​រោងចក្រ​ សហគ្រាស​ និងឃ្លាំង​ស្តុកទំនិញជាដើម ។ ជាការកត់សម្គាល់ ទាំងការវិនិយោគ​នៅក្នុង​ខេត្តទាំងពីរដូចបានលើកឡើង ​ក៏ដូចជា​នៅតាមបណ្ដាខេត្ត​ផ្សេងៗទៀត សុទ្ធតែបានផ្ដល់​នូវអត្ថប្រយោជន៍​យ៉ាង​ច្រើនដល់​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ការ​បង្កើតឱកាសការងារ​ថ្មីៗជូនដល់​ប្រជាពលរដ្ឋ និងពលករ​ខ្មែរដែលទើបត្រលប់មកពីប្រទេសថៃវិញ ។


គួរ​បញ្ជាក់ថា ​ប្រភពទុនដែលបានចុះបញ្ជីវិនិយោគ​នៅក្នុងប្រទេសកម្ពុជា​ក្នុង​រយៈពេល១០ខែកន្លងមកនេះ ភាគច្រើនមកពីប្រទេស​ចិន ដែលមានរហូតដល់ជាង​ពាក់​កណ្ដាល​នៃទុនវិនិយោគសរុប ពោល គឺប្រមាណ ៩,២ពាន់លានដុល្លារអាម៉េរិក​ ហើយក្នុងនោះដែរ កម្ពុជា​ក៏បានរួមចំណែក​វិនិយោគ​ប្រមាណ ​៣២,៨៩​ភាគរយ​ផងដែរ ។

កាលពីពេលថ្មីៗនេះ ប្រតិភូមកពីសមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចិន-អាស៊ី ជាច្រើនបានមក​កម្ពុជា​ និងស្វែងរក​ឱកាស​វិនិយោគនៅកម្ពុជា ដោយឯកឧត្តម​ ស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធាន​ទី​១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍ចំពោះ​វត្តមាន​សមាជិក​នៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច​ចិន-អាស៊ី ​និង​បាន​​បង្ហាញ​ពីសក្ដានុពល​វិនិយោគនៅកម្ពុជា​ដល់​បណ្ដាវិនិយោគិន​មកពីចិន​ទាំងនោះផងដែរ ​​។

អ្នកជំនាញ​នៃវិស័យអចលនទ្រព្យកម្ពុជា ​បាន​បង្ហាញពីសុទិដ្ឋិនិយម​​ចំពោះការ​វិនិយោគលើវិស័យឧស្សា​ហ​កម្ម​ និង​វិស័យ​ផ្សេងៗទៀតនៅក្នុងប្រទេស​កម្ពុជា ដោយតាមរយៈការ​វិនិយោគ​ទាំង​នេះ បានធ្វើ​ឱ្យ​តម្រូវការ​ដីធ្លី និងការទិញលក់​ដី​សម្រាប់ប្រើប្រាស់​ក្នុង​ការសាងសង់​រោងចក្រ សហគ្រាស ​និងឃ្លាំង​ស្តុកទំនិញ ជាពិសេស​នៅខេត្ត​ស្វាយរៀង និងកំពង់ស្ពឺ ដែលជាខេត្តមានភាពទាក់ទាញលើការ​វិនិយោគច្រើនជាងគេ ។